(ភ្នំពេញ)៖ ប្រជាជាតិកម្ពុជាធ្លាប់បានភ្លក់អស់ហើយ នូវរសជាតិជូរចត់នៃមហន្តរាយ និរាសបែកបាក់ លំបាកវេទនា កម្សត់ខ្លោចផ្សា ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងការសម្លាប់រង្គាលជាតិសាសន៍ឯង នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងអសន្តិសុខដែលបានបន្តកើតមានឡើងមុនពេលដែលកម្ពុជាយើងទទួលបានសន្តិភាព និងឯកភាពជាតិទាំងស្រុង។ ប្រជាជនកម្ពុជា ពិតជាដឹងគុណ និងគោរពស្រឡាញ់ជាទីបំផុត ចំពោះវីរបុរសស្នេហាជាតិដែលបានសង្គ្រោះជីវិតប្រជាជនពីវាលពិឃាត និងស្វែងរកសុខសន្តិភាពជូនជាតិ ពន្លត់ភ្លើងសង្គ្រាមបានទាំងស្រុងក្រោមនយោបាយ “ឈ្នះ-ឈ្នះ” បង្រួបបង្រួមគ្រប់ភាគីជម្លោះប្រដាប់អាវុធខ្មែរឱ្យរួមរស់សុខសាន្តជាមួយគ្នា ដោយគ្មានអ្នកចាញ់ ហើយបាននិងកំពុងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ តាំងតែពីនៅបាតដៃទទេ រហូតដល់ទទួលបាននូវសេចក្តីសុខ និងវឌ្ឍនភាពលើគ្រប់វិស័យ។

ការទទួលខុសត្រូវខ្ពស់ និងភាពវាងវៃក្នុងការដឹកនាំជាតិ ព្រមទាំងទេពកោសល្យប៉ិនប្រសប់ក្នុងទំនាក់ទំនងអន្តរជាតិ របស់ប្រមុខដឹកនាំកម្ពុជា បាននាំមកជូនជាតិនូវសមិទ្ធផលច្រើនរាប់មិនអស់ ដែលបាននិងកំពុងកកើតយ៉ាងស្គុសស្គាយ ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ប្រកបដោយទំនុកចិត្តពីសំណាក់វិនិយោគិនជាតិ និងបរទេស ក្នុងការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងបរិបទនៃជំងឺឆ្លងរាតត្បាតនៅទូទាំងពិភពលោក ប្រមុខដឹកនាំជាតិដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តែងតែបន្តគិតគូរ ឈឺឆ្អាលដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ដោយដាក់ចេញវិធានការណ៍ម៉ត់ចត់ និងឈ្លាសវៃ ក្នុងការគ្រប់គ្រងស្ថានការណ៍ ជាពិសេសទិសស្លោក “៣កុំ ៣ការពារ”។ ដោយសារគតិបណ្ឌិតដ៏វិសេសវិសាលនៃថ្នាក់ដឹកនាំ ខ្មែរយើងស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចឯទៀត ដែលមានភ័ព្វវាសនាទទួលបានវ៉ាក់សាំងជាអំណោយពីប្រទេសចិនដែលជាមហាមិត្តដែកថែប (Sinopharm) និងវ៉ាក់សាំងពីអង្គការសុខភាពពិភពលោក (AstraZeneca/SII) ដែលទើបតែដឹកជញ្ជូនមកដល់នៅក្នុងពេលថ្មីៗនេះ ហើយនឹងមានការបញ្ជូនវ៉ាក់សាំងមកបន្ថែមទៀតជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា បង្ការមេរោគកូវីដ-១៩។ រាល់សកម្មភាព វិធានការណ៍ និងដំណោះស្រាយដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងការទប់ស្កាត់នូវការរាលដាលនៃជំងឺរាតត្បាត និងការពារសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ ទទួលបាននូវការពេញចិត្ត និងការសហការយ៉ាងពេញលេញពីសំណាក់ប្រជាជនទូទាំងប្រទេស។

ទន្ទឹមនឹងការត្រេកអរសារទរ និងរីករាយចំពោះសមិទ្ធិផលក្រោមដំបូលសន្តិភាព ប្រជាជនខ្មែរពិតជាខ្លាចរអា និងស្អប់ខ្ពើមសង្គ្រាមជាទីបំផុត ហើយក៏ឈឺចាប់ និងធុញទ្រាន់ចំពោះអ្នកទាំងឡាយណា ដែលប៉ុនប៉ងចង់បញ្ឆេះឡើងវិញនូវភ្លើងសង្គ្រាម បង្កនូវគ្រោះថ្នាក់ មហន្តរាយ និងការប្រេះឆាបែកបាក់ជាតិ។ ក្នុងខណៈដែល ប្រជាជាតិទាំងមូលមមាញឹកក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ បុគ្គលមេឧបឃាតក និងបនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច នៅតែបន្តសកម្មភាពគំរក់ដោយស្រែកក្តែងៗ ក្នុងចេតនាបង្កហិង្សា អសន្តិសុខ និងបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន។

បនឧទ្ទាមក្រៅច្បាប់ដែលមានមេក្លោងរត់ចោលស្រុក ពុំដែលបានធ្វើអ្វីមួយជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនទេ ជាពិសេស មិនដែលគោរពនិងឱ្យតម្លៃចំពោះច្បាប់ និងគោលការណ៍នីតិរដ្ឋទាល់តែសោះ។ ដើម្បីចង់បំពេញមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងក្តោបយកអំណាចដោយទុច្ចរិត បុគ្គលឧទ្ទាមទាំងនេះ មិនរារែកនឹងយកទឹកភ្នែកប្រជាជនមកធ្វើដើមទុននយោបាយ រុញច្រានឱ្យអ្នកចាញ់បោកខ្លួនធ្វើទង្វើល្មើសច្បាប់ ប៉ុនប៉ងបង្កចលាចល អសន្តិសុខ វិនាសកម្ម ដល់សង្គមជាតិ ហើយបែរជាស្រែកជំទាលក្តែងៗថា រាជរដ្ឋាភិបាលបំបិទសិទ្ធិសេរីភាព និងរឹតត្បិតលម្ហប្រជាធិបតេយ្យទៅវិញ។ តាមការពិត ការអនុវត្តច្បាប់ និងដាក់ទោសចំពោះបទល្មើស គឺជាភារកិច្ចស្របច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច និងជាការលើកស្ទួយគោលការណ៍នីតិរដ្ឋយ៉ាងពិតប្រាកដ។

ថ្មីៗនេះ ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូចទាំងនោះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ទៅ២៥ឆ្នាំ ព្រមទាំងប្រកាសទោសបន្ថែម ដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្បិតក្រុមជនទុច្ចរិតទាំងនេះ បានប្រព្រឹត្តអំពើវិទ្ធង្សនា ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ បង្កហិង្សា កោលាហលអសន្តិសុខ ដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាចាត់ថាជាបទល្មើស “ឧបឃាត”។ ការកាត់ទោសនេះ ជាសញ្ញាដ៏ល្អសម្រាប់ប្រជាជាតិខ្មែរ ព្រោះថាជនក្បត់ជាតិតពូជរូបនេះ និងបក្សពួកកញ្ជះដាច់ថ្លៃរបស់ខ្លួន ពិតជាសមទទួលបាននូវទោសទណ្ឌនេះ ដើម្បីកុំឱ្យក្រុមជនទាំងនេះមានឱកាសយកស្លាក “នយោបាយ” និង “ប្រជាធិបតេយ្យ” ក្លែងក្លាយ មកធ្វើជាលេសប៉ុនប៉ុងបំផ្លាញជាតិខ្មែរ ដែលកំពុងតែរស់នៅបានសុខសាន្ត សំបូរសប្បាយ ក្រោមដំបូលសន្តិភាពដ៏ត្រជាក់ត្រជុំ និងក្រោមការគិតគូរយ៉ាងម៉ត់ចត់ របស់ថ្នាក់ដឹកនាំ ដែលប្រជាជនបានជ្រើសរើសធ្វើជាតំណាងរបស់ខ្លួនយ៉ាងល្អឥតខ្ចោះ។

ដោយ៖ ការពិតពីមាតុភូមិ