(ប៉ៃលិន)៖ ភ្នំកូនដំរី ស្ថិតនៅភូមិ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើមើលពីចម្ងាយភ្នំនេះ មានរូបរាងដូចកូនដំរីលុតជង្គង់ និងបោះប្រម៉ោយទៅខាងមុខអញ្ចឹង។
តំបន់ភ្នំកូនដំរីនេះ ពីមុនធ្លាប់ជាព្រៃស្រោង សំបូរទៅដោយដើមខ្លុង ដើមត្បែង មានសត្វដំរី សត្វខ្លា និងមានរូង/ល្អាងអាថ៌កំបាំង និងស័ក្តិសិទ្ធិ។ ភ្នំនេះ មានល្អាងប្រមាណ៩ និងមានសត្វស្វា សត្វក្ងោក រុក្ខជាតិឧសថបុរាណច្រើនប្រភេទ។
បើតាម Facebook របស់ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា៖ «បច្ចុប្បន្ននេះ ដីព្រៃនៅតំបន់ភ្នំកូនដំរីកំពុងប្រឈមនឹងការដុត និងការទន្ទ្រានដើម្បីដាំដំឡូងឈើ រហូតទៅដល់ចង្កេះភ្នំ»។
ក្រសួងបានឱ្យដឹងថា ក្រុមការងារតំបន់បេតិកភណ្ឌបានថតនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីជម្រាបជូន និងសូមបួងសួងដល់បារមីភ្នំកូនដំរីជួយឱ្យប្រជាពលរដ្ឋកម្ពុជាបាន ជៀសផុតពីជំងឺកូវីដ-១៩។
ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើដែលមាននៅជុំវិញភ្នំកូនដំរី ឱ្យនៅគង់ ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ជាដើម។
ភ្នំកូនដំរីនេះ មានជាប់ទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាក់ស្តែងនៅមុនសម័យខ្មែរក្រហម ពាក្យ «ស្រឡៅស្រឡូន ភ្នំកូនដំរី» មានរំលេចយ៉ាងពិរោះរណ្តំចិត្ត ក្នុងបទចម្រៀង «ម្លប់ដើមស្រឡៅ» ច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។
ទាក់ទងនឹងទីតាំងប្រវត្តិសាស្ត្រកងទ័ព តំបន់ភ្នំកូនដំរី ត្រូវបានកាន់កាប់ដោយកងទ័ពខ្មែរក្រហម ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៨ ជាឆ្នាំដែលប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ដោយសារការធ្វើ សមាហរណកម្ម។ ខ្មែរក្រហមបានដាក់តេអូសម្រាប់យកព័ត៌មាន នៅចង្កេះភ្នំកូនដំរី (ម្តុំស្តៅ) និងមានមូលដ្ឋាន ទ័ពនៅទីនោះ។ មិនឆ្ងាយប្រមាណពីភ្នំកូនដំរី (ត្រង់អន្លង់ថ្ងាន់ជាប់មាត់ស្ទឹង) មានទីតាំងកាំភ្លើងធំរបស់ខ្មែរក្រហម៕