Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្រ្កាបសកម្មភាពឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិនៅស្រុកគូលែន ខេត្តព្រះវិហារ, ព្រះរាជអាជ្ញាបញ្ជាឱ្យដកហូតគ្រឿងចក្រយកទៅរក្សាទុក និងកោះហៅអ្នកពាក់ព័ន្ធចាត់ការតាមច្បាប់

10-03-2021 15:51

(ព្រះវិហារ)៖ គ្រឿងចក្រមួយគ្រឿង និងសម្ភារមួយចំនួនទៀត ត្រូវបានរឹបអូសយកទៅរក្សាទុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងបរិស្ថាន ចុះបង្រ្កាបករណីឈូសឆាយដីព្រៃមួយកន្លែង នៅចំណុចភូមិអភិវឌ្ឍន៍ព្រៃគោល ឃុំស្រយ៉ង់ ស្រុកគលែន ខេត្តព្រះវិហារ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

លោក វុធ សាវី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ក្រោមការសម្របសម្រួលនិងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ នៅថ្ងៃម្សិលមិញ លោកបានដឹកនាំមន្ត្រីបរិស្ថាន ចុះបង្រ្កាបករណីឈូសឆាយដីព្រៃដោយខុសច្បាប់មួយកន្លែង នៅចំណុចភូមិឃុំខាងលើ និងបានដកហូតវត្ថុតាងគ្រឿងចក្រម៉ាក (អ៊ិច)១គ្រឿង និងសម្ភារមួយចំនួនទៀតយកទៅ រក្សាទុកនៅស្នាក់ការបរិស្ថានតាកឹង។

លោកព្រះរាជអាជ្ញារង បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះទៀតថា ស្របពេលដែលលោកដឹកនាំកម្លាំងចុះទៅដល់កន្លែងឈូសឆាយដីព្រៃ ដើម្បីសួរនាំរកលិខិតស្នាមនោះ បុគ្គលម្នាក់ដែលជាម្ចាស់ដី ហើយមើលមកលោកច្រឡំថា ជាអ្នកសារព័ត៌មាន ក៏បានទូរស័ព្ទអន្តរាគមន៍ទៅអ្នកធំម្នាក់ហើយបើកស្ពីកឃ័រឱ្យលោកស្តាប់ទៀត (ដែលសម្លេងអ្នកធំនោះលោកបានថតជាប់អស់ហើយ) លុះពេលលោកប្រាប់ថា មិនមែនជាអ្នកសារព័ត៌មាន លោកជាព្រះរាជអាជ្ញារងខេត្តព្រះវិហារ ស្រាប់តែបុគ្គលនោះហាក់រៀងបន្ទន់ចិត្តឈប់អួតអាង ហើយក៏បានដាក់មេប្រូចបាត់ទៅ។

លោក វុធ សាវី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ លោកកំពុងរៀបចំលិខិតកោះអញ្ជើញបុគ្គលរូបនោះ មកបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តហើយ ដើម្បីយកចម្លើយ ឈានទៅកោះហៅអ្នកនៅពីក្រោយខ្នងមួយចំនួនទៀត៕