(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍ទាំងអស់គ្នា និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន ហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។
ការចេញមកអំពាវនាវបែបនេះ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហារីករាលដាលជំងឺកូវីដ-១៩ ជាព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដ៏ធ្ងន់ធ្ងរមួយមិនធ្លាប់មាន។
ខណៈគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់។
តាមរយៈ Facebook នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ មានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នាពេលនេះ»។
ទន្ទឹមនឹងការអំពាវនាវដល់ជនរួមជាតិចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា សម្តេចបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនេះដោយយកចិត្តទុកដាក់បំផុត ហើយបានសង្កេតឃើញថា បើទោះបីចំនួនអ្នកវិជ្ជមានដែលរកឃើញស្ថិតនៅក្នុងអត្រាខ្ពស់ក៏ដោយ តែសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដែលបានដាក់ចេញវិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាដោយមិនគិតថ្ងៃយប់នោះឡើយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបថា រដ្ឋសភាទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៥មីនា កន្លងទៅនេះ ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បីរាជរដ្ឋាភិបាលយកទៅអនុវត្តជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត»។
សម្តេចក៏បានចាត់ទុកថា សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាព បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះផងទេ។
ជាថ្មីម្តងទៀត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាគោរព និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។ ការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ពេលនេះជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង គ្រួសារ និងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩៕