(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងតំណាងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយលោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រមទាំងតំណាងគណៈកម្មការជំនាញនានានៃព្រឹទ្ធសភា ដើម្បីពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាវិមានព្រឹទ្ធសភា។
សូមរំឮកថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រជាឯកច្ឆន្ទ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ជំពូក និង១៨មាត្រា ដែលបានរៀបចំឡើងដោយក្រសួងយុត្តិធម៌ រួមជាមួយក្រសួងសុខាភិបាល ក្នុងបរិយាការណ៍ដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលអាចបណ្តាលឱ្យមានភាពជ្រួលច្របល់ និងមានផលប៉ះពាល់ដ៏ធំធេងលើផ្នែកសុខភាពសាធារណៈ ពិសេសអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច សង្គមកិច្ច ថែមទៀតផង។
ហេតុនេះហើយបានជាក្រសួងយុត្តិធម៌ និងក្រសួងខាភិបាល បានសហការគ្នាយ៉ាងស្អិតរមួត ក្នុងគោលបំណងធ្វើសេចក្តីព្រាងច្បាប់នេះ ឱ្យបានទាន់ពេលវេលា ស្របតាមសភាពការណ៍ជាក់ស្តែងក្នុងសង្គម ដើម្បីបង្កើតជាមូលដ្ឋានគតិយុត្តដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕