(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត លោក អ៊ុន ចាន់ដា រួមជាមួយអភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១ នេះ បាននាំយកម៉ាសចំនួន ២.០០០ម៉ាស និងអាល់កុល ៣០០លីត្រ ផ្ដល់ជូនអង្គភាពពន្ធនាគារថ្មី ខេត្តកំពង់ចាម ស្ថិតនៅឃុំមាន ស្រុកព្រៃឈរ ទុកសម្រាប់ប្រើប្រាស់ការពារជំងឺកូវីដ-១៩។
បើតាមលោក ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងថា ម៉ាស និងអាល់កុល ជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាមនេះ គឺទុកសម្រាប់ឲ្យអ្នកទោសប្រើប្រាស់ពេលចេញមកក្រៅ ឬពេលត្រូវជួបក្រុមគ្រួសារ និងទុកប្រើប្រាស់សម្រាប់មន្ត្រីអង្គភាពពន្ធនាគារផងដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
លោក ហ៊ុន ខី បានឲ្យដឹងផងដែរថា ពន្ធនាគារខេត្តកំពង់ចាមថ្មីនេះ មាន០៣ អាគារ ស្មើរ ៥៣បន្ទប់ អាចផ្ទុកអ្នកទោសបានប្រមាណជាង ១.០០០ នាក់ ចាប់ផ្ដើមសាងសង់នៅកំឡុងឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ននេះ ការសាងសង់រួចរាល់ជាស្ថាពរហើយ រង់ចាំតែការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែប៉ុណ្ណោះ។
លោកប្រធានពន្ធនាគាររូបនេះ បានបញ្ជាក់ថា ក្នុងពន្ធនាគារថ្មីនេះ បច្ចុប្បន្នមានអ្នកទោសចំនួន ៣០នាក់ នាំយកមកពីពន្ធនាគារចាស់ នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីឲ្យពួកគាត់ជួយរៀបចំ សំអាត។ ដោយឡែក អ្នកទោសផ្សេងៗទៀត នឹងត្រូវយកមកដាក់នៅពន្ធនាគារថ្មីនេះ បន្ទាប់ពីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលគ្រោងនឹងធ្វើនៅក្នុងខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ៕