(កំពង់ចាម)៖ លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងជាប្រធានក្រុមការងារ ចុះជួយស្រុកកងមាស និងលោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់អង្គការ Asia Network នៅកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាព ចំនួន ២០០គ្រួសារ មកពី៤ឃុំ គឺឃុំអង្គរបាន ឃុំពាមជីកង ឃុំរកាគយ និងឃុំព្រែកក្របៅ។ អំណោយដែលត្រូវចែកជូន ប្រជាពលរដ្ឋទាំងនោះ រួមមានក្នុង១គ្រួសារៗទទួលបាន អង្ករ២៥Kg ម៊ី១កេះ។
បន្ទាប់មក លោក មិន ឃិន និងលោកស្រី បាន ទៅប្រគល់ ផ្ទះ១ខ្នង ជូនលោកតា ឈុំ ទិត្យ និងលោកយាយ សេង ង៉ល់ នៅឃុំព្រែកក្របៅ ដែលគ្មានលទ្ធភាព ធ្វើដោយខ្លួនឯង និងគ្មានកូនចៅ នៅថែរក្សា ក្នុងវ័យចាស់ ជរាគ្មានទីពឹង។ ក្នុងឱកាសនោះ លោក មិន ឃិន បានលើកឡើង ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ជំរុញកំណើនជីវភាពរបស់ ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយឆ្នាំមួយឆ្នាំ។
ប្រជាពលរដ្ឋទោះ ជានៅទីណា កន្លែងណា ក៏សម្តេចតេជោ ហ៊ុន សែន តែងតែចាត់មន្ត្រី រដ្ឋាភិបាលឲ្យចុះទៅដល់ ដើម្បីជួយឧបត្ថម្ភគាំទ្រ ធ្វើយ៉ាងឲ្យបងប្អូនបានរស់ នៅដោយមានអាហារគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ និងឲ្យបានយល់ ដឹងច្បាប់រដ្ឋ ការវិវឌ្ឍប្រទេសជាតិ នយោបាយ សេដ្ឋកិច្ច វប្បធម៌ជាដើម ឲ្យស័ក្តិសម ជាប្រជាពលរដ្ឋរស់នៅ ក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយនីតិរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕