(កោះកុង)៖ អភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ន កម្មវិធីខួបកំណើត អាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ នេះតាមលិខិតរបស់អភិបាលក្រុងខេមរភូមិន្ទ ផ្ញើទៅកាន់មេឃុំចៅសង្កាត់ក្នុងក្រុងនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ១៩ ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់៕