(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ បានស្នើសុំឲ្យផ្សព្វផ្សាយអស់ពីលទ្ធភាព តាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឲ្យបានជាក់ស្តែង តាមស្មារតីនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦។
យោងតាមលិខិតរបស់សម្តេចក្រឡាហោ ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិជំងឺសកលកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ក្នុងនាមប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ខ្ញុំស្នើសុំសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ម្ចាស់ការផ្សព្វផ្សាយឲ្យអស់ពីលទ្ធភាពតាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឱ្យបានជាក់ស្តែង តាមស្មារតីនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នៅតាមក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “ ៣ការពារ និង ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល»។
បើតាមសម្តេចក្រឡាហោម, លេខាធិការដ្ឋាននៃយុទ្ធនាការ នឹងផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តនូវរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត៕