(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយម៉ាស់អនាម័យចំនួន ១០,០០០ ម៉ាស់ ដល់នាយកដ្ឋាននគរបាលការពារព្រំដែនគោក ដើម្បីប្រើប្រាស់ក្នុងការបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនគោកនៃប្រទេសកម្ពុជា។
ដើម្បីទទួលនូវអំណោយម៉ាស់ខាងលើនេះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានចាត់លោកឧត្តមសេនីយ៍ត្រី មាស សារុំ អនុប្រធាននាយកដ្ឋាន ជាតំណាងដឹកនាំក្រុមការងារនាយកដ្ឋាន ទៅទទួលនៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានឧបត្ថម្ភម៉ាស់អនាម័យ សម្រាប់ចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ដែលកំពុងប្រតិបត្តិការឈរជើង និងល្បាតនៅបណ្តាទីតាំងនានា តាមបន្ទាត់ព្រំដែនគោកនៃប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩៕