(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីណែនាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីណែនាំនេះ អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រសួងសុខាភិបាល ក្នុងបរិបទនៃការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។
ក្នុងសេចក្ដីណែនាំ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង អនុវត្តតាមវិធានការណែនាំ ដូចខាងក្រោម៖
១៖ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានម៉ឺងម៉ាត់។
២៖ អនុញ្ញាតឲ្យមន្ត្រីធ្វើការនៅផ្ទះរៀងៗខ្លួន តាមរយៈប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំការ ក្នុងចំនួនតិច (១០ ភាគរយ)។
៣៖ ត្រូវផ្អាកជាបណ្តោះអាសន្នរាល់សិក្ខាសាលា វគ្គបណ្តុះបណ្តាល វគ្គផ្សព្វផ្សាយ និងកិច្ចប្រជុំផ្សេងៗលើកលែងតែកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ។
៤៖ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ និងលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬដែល ជាប្រចាំ ។
៥៖ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាចាំបាច់។
៦៖ គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាមមិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណក្រសួង ជាដាច់ខាត ។
៧៖ ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទលេខ ១១៥ ជាបន្ទាន់៕