(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ Fresh News អោយដឹងថា សាលារាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅ ដល់ផ្លូវកប់ស្រូវ ចំនួន៦គន្លង អាចឲ្យរថយន្ត៣ខ្សែរត់ទៅ និង៣ខ្សែរត់មក រួមទាំងមានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវផងដែរ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងផែនការរៀបចំលំហូរចរាចរណ៍ឲ្យបានល្អប្រសើរនៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ដែលគម្រោងនឹងស្ថាបនាផ្លូវសម្រាប់៣ខ្សែរថយន្តទៅ ៣ខ្សែរថយន្តមក និងផ្លូវសម្រាប់ទោចក្រយានយន្ត ១ខ្សែទៅ១ខ្សែមកសងខាង ព្រមទាំងដាក់លូប្រអប់ និងលូចំហសងខាង និងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជាពីរ»។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា «ជាមួយគ្នានេះ ដើម្បីសម្រួលសុវត្ថិភាពធ្វើដំណើឆ្លងកាត់ផ្លូវដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សានិងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត និងដល់ប្រជាពលរដ្ឋសងខាងផ្លូវ សាលារាជធានីភ្នំពេញ នឹងស្ថាបនាស្ពានអាកាសថ្មើរជើងឆ្លងកាត់ពីលើផងដែរ»៕