(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលមានការសង្ស័យកើត ធ្លាប់មានការទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកកើតកូវីដ១៩ សូមទំនាក់ទំនងមកលេខទូរស័ព្ទរបស់ក្រុមការងារស្រាវជ្រាវ ដែលបានបង្ហាញជាសាធារណៈក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាន់តែមានប្រសិទ្ធភាពចៀសវាងការលាក់បាំងព័ត៌មានធ្វើឲ្យលំ បាកលើការស្រាវជ្រាវគ្រប់គ្រង និងប៉ះពាល់ដល់សន្តិសុខជាតិ នៅក្នុងសង្គម។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «ការលាក់បាំងព័ត៌មាន និងមិនបានផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ក្រុមការងារស្រាវជ្រាវនោះ វាធ្វើឲ្យប៉ះពាល់ក្នុងការស្វែងរកអ្នកកើតជំងឺ ឬអ្នកសង្ស័យនាំឲ្យមានបញ្ហាកាន់ តែលំបាកដល់សន្តិសុខជាតិ ដូច្នេះត្រូវចូលរួមសហការជាមួយក្រុមស្រាវជ្រាវ គឺការពារប្រសើរជាងព្យាបាលបាល នោះយើងនឹងមានភាពប្រសើរឡើងចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង»។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យមួយទៀត ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ សម្រាប់អនុក្រឹត្យនេះ អ្នកគេចវេសមិនធ្វើចាត្តាឡីស័ក នឹងត្រូវផាកពិន័យ១លាន ទៅ៥លាន ចំណែកអ្នកសម្របសម្រួល ឬមេខ្យល់នឹងត្រូវផាកពិន័យពី១០លានទៅ៥០លានរៀលផងដែរ។ ចំណែកគ្រឹះស្ថានសុខាភិបាលឯកជន ដែលលាក់បាំង និងមិនបានជូនដំណឹងបន្ទាន់ពីអ្នកជំងឺដែលគេចវេសមិនធ្វើចត្តាឡីស័កនឹងពិន័យដូចមេខ្យល់ដែរ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ធ្លាប់បានបង្ហាញលេខទូរស័ព្ទចំនួន៣៦ខ្សែ សម្រាប់សម្ភាសន៍ និងប្រមូលព័ត៌មានពីជនសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
ខាងក្រោមនេះជាលេខទូរស័ព្ទដែលបង្ហាញដោយ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩៖