(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្តកំពត បានដាក់បទបញ្ជាបន្ទាន់ឱ្យមន្ត្រី អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ត្រូវសហការគ្នាក្នុងការដឹកជញ្ជូនពលករមកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន មកកាន់ខេត្តកំពត ដើម្បីធ្វើចត្តាឡីស័កនៅមូលដ្ឋាន និងត្រៀមលក្ខណៈគ្រប់បែបយ៉ាង សម្រាប់អន្តរាគមន៍ក្នុងករណីដែលជំងឺកូវីដ១៩ រីករាលដាលខ្លាំង សំដៅពង្រឹងការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពខ្ពស់ ការឆ្លងរាលដាលនូវជំងឺកូវីដ១៩។
លោក ជាវ តាយ បានដាក់ចេញបទបញ្ជាដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ ថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធវិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
កិច្ចប្រជុំនេធ្វើឡើងនៅសាលាខេត្តកំពត នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ដោយចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត ជួរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មេបញ្ជាការមូលដ្ឋានសមុទ្រ មេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនទឹក២៤១ លោកប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រី អជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
លោកអភិបាលខេត្ត ជាវ តាយ បានបញ្ជាក់ទៀតថា ទោះបីខេត្តកំពតក្នុងរយៈពេលកន្លងមក មានការអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ទាំងការងារគ្រប់គ្រង និងការដោះស្រាយ ហើយពុំមានករណីសង្ស័យ វិជ្ជមានជំងឺកូវីដ១៩ ទៅលើប្រជាពលរដ្ឋណាម្នាក់ក្នុងខេត្តក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តក៏នៅតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពិសេសការអនុវត្តន៍បទបញ្ជាណែនាំសំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងវិធានការដោះស្រាយ និងការគ្រប់គ្រង ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឆ្លងចូលក្នុងភូមិសាស្ត្រខេត្តកំពត។
លោកអភិបាលខេត្ត ក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយដល់ប្រជាជនឲ្យចូលរួមបង្កើនការអនុវត្តវិធានការសុខាភិបាល ពិសេសវិធានការ៣ការពារ ៣កុំ តាមការអំពាវនាវក៏ដូចបទបញ្ជាក្នុងការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ របស់សម្ដេចតេជោ តាមរយៈសារជាសំឡេងក្នុងពេលថ្មីៗនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕