(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសជូនដល់សារព័ត៌មាន Fresh News ពាក់ព័្ធនឹងប្រធានបទ «អំពើពុករលួយ និងកិច្ចប្រជែង និងប្រឆាំងរបស់កម្ពុជា»។ ខាងក្រោមនេះជាកម្រងសំណួរចម្លើយ រវាងអ្នកសារព័ត៌មាន Fresh News និងលោក ផៃ ស៊ីផាន។
Fresh News: នៅពេលថ្មីៗនេះ លោក ព្រាប កុល តំណាងឲ្យអង្គការតម្លាភាពកម្ពុជា ក៏ដូចជាអ្នកអះអាង ជាតំណាងសង្គមស៊ីវិលនៅកម្ពុជា បានលើកឡើងអំពីការប្រឆាំងអំពើពុករលួយ តម្រូវឲ្យថ្នាក់ដឹកនាំបង្ហាញជាសាធារណៈនូវទ្រព្យសម្បត្តិ និងធនធានរបស់ខ្លួន ក្នុងកិច្ចតាមដាន ឬប្រឆាំងជាមួយនិងអំពើពុករលួយ។ ការប្រកាសធនធាន ឬទ្រព្យសម្បត្តិមិនជាសាធារណៈ គ្រាន់តែជាលេសបិទបាំង និងការពារផលប្រយោជន៍អ្នកធំៗ ដោយសារការប្រកាសនោះ មានលក្ខណៈជាសំងាត់សម្រាប់ការងាររបស់ អង្គភាពប្រឆាំងពុករលួយតែប៉ុណ្ណោះ? តើ លោកយល់យ៉ាងដូចម្តេចដែរ ចំពោះការលើកឡើងរបស់អ្នកតាំងខ្លួនជាបញ្ញវន្តទាំងនោះ?
ផៃ ស៊ីផាន៖ អរគុណចំពោះការលើកឡើង ដែលឆ្លើយតបនឹងបច្ចុប្បន្នភាពថ្មីៗនេះ។ ការប្រឆាំងនិងអំពើពុករលួយ គឺស្ថិតនៅក្នុងមនសិការខ្មែរចាប់តាំងពីទសវត្ស ៦០ រហូតមកដល់បច្ចុប្បន្នកាលនេះ ក៏ប៉ុន្តែពីជំនាន់មួយទៅជំនាន់មួយ មានទិដ្ឋភាពទាំងគោលបំណង ទាំងទិសដៅ និងវិសាលភាព ជាមួយនឹងសកម្មភាពខុសៗគ្នា។ ក្នុងជំនាន់ទសវត្ស ៦០ ការប្រឆាំងនិងអំពើពុករលួយ ដែលមានទិសដៅប្រឆាំងយ៉ាងសកម្ម ជាមួយនឹងសមាជិករាជរដ្ឋាភិបាល រហូតដល់ការ បង្កើតបររដ្ឋាភិបាល ឬរដ្ឋាភិបាលស្រមោល ក្នុងការតាមដាននៃសកម្មភាពមិនប្រក្រតី ដែលពាក់ព័ន្ធនិងអំពើពុករលួយ។ រដ្ឋមន្ត្រីមួយចំនួនត្រូវបានផ្លាស់ប្តូរតំណែងដើម្បីអនុវត្តនូវគោលនយោបាយនេះ។ ប៉ូលពីរ ដែលមើលឃើញអំពើពុករលួយខុសៗគ្នា ទាំងកិច្ចឆក់ឱកាសយកអំពើពុករលួយជាឈ្នាន់ និងផលប្រយោជន៍របស់ក្រុមខ្លួននីមួយៗ។ ក្រុមឆ្វេងនិយម មើលឃើញអំពើពុករលួយជាខ្មាំងជាមួយសង្គមជាតិ ដែលគេយល់ឃើញថា អំពើពុករលួយជាឧបសគ្គ ដល់ការរីកចំរើន និងយុត្តិធម៌សង្គម។ ក្រុមឆ្វេងនិយម យកអំពើពុករលួយជាទឡ្ហីករប្រឆាំង និងផ្តួលរំលំរបបរាជានិយម នៅក្នុងសម័យកាលនោះ។ នេះជាបំណងធំ និងស្រួចស្រាវរបស់ក្រុមឆ្វេងនិយម។ ក្រុមឆ្វេងនិយមមើលឃើញការរំលោភផលប្រយោជន៍សាធារណៈទាំងធនធាន ក៏ជាមូលដ្ឋានគ្រឹះ នៃការធ្វើបដិវត្ត ដើម្បីស្វែងរកប្រជាប្រិយនៃការគាំទ្រពីប្រជាពលរដ្ឋសាមញ ដើម្បីកំលាំងស្នូលក្នុងការងារបដិវត្តរំលំរបបសង្គមរាស្ត្រនិយម។
រីឯក្រុមស្តាំនិយមហាក់ដូចជាពុំមានសកម្មភាពប្រឆាំងដល់ស្រួចស្រាវជាមួយអំពើពុករលួយនេះទេ ដោយគេយកធនធាន ឬទ្រព្យសម្បត្តិរបស់បុគ្គលនីមួយៗជាធនធានរបស់ជាតិ តាមរយៈការរួមចំណែក ការចូលរួមកសាងជាតិ ដោយសមធម៌ តាមរយៈកាតព្វកិច្ចពន្ធដារ ដែលជាគ្រឹះនៃរបបមូលធននិយមនៃទីផ្សាសេរី ត្បិតឯកជនមានដែនកាតព្វកិច្ចរបស់ខ្លួន ក្នុងកិច្ចរកប្រាក់ចំណេញ ដែលដាច់ដោយឡែកពីរដ្ឋាភិបាល ដែលមានកាតព្វកិច្ចរកប្រាក់ចំណូល ដើម្បីការងារ និងការអភិវឌ្ឍ ដែលជាបន្ទុក និងបញ្ញាត្តកម្មរបស់ខ្លួន។ អាស្រ័យហេតុដូចនេះ គ្មានទេពាណិជ្ជករទុច្ចរិត ដូចទណ្ឌិត សម រង្ស៊ី ឬថ្នាក់ដឹកនាំគណបក្សប្រឆាំង ធ្វើយុទ្ធនាការ ដើម្បីយកលេសផ្តួលរាជរដ្ឋាភិបាល ដែលប្រសូតចេញពីឆន្ទះមហាជន ក៏ប៉ុន្តែ យើង មានពាណិជ្ជករដែលមិនសុច្ចរិតនិងកាតព្វកិច្ចពន្ធដារ។ នៅក្នុងឆ្នាំ១៩៧០ ដល់១៩៧៥ ប្រជាជាតិកម្ពុជាពេលនោះ ចែកជាពីរ គឺមួយនៅក្នុងក្រុង ឯក្រុមមួយទៀតនៅក្នុងដែនដីរំដោះជាតិ។ នៅក្នុងក្រុង អំពើពុករលួយ និងការរំលោភអំណាចរាតត្បាតពាសពេញសង្គម ដែលស្ថិតនៅក្នុងរបបសាធារណៈរដ្ឋ ដោយគាំទ្រ និងឧបត្ថមដោយសហរដ្ឋអាមេរិក។ រីឯនៅក្នុងដែនដីរំដោះនោះវិញ ការពង្រឹងសុច្ចរិតភាពជាមួយនិងសង្គមបដិវត្ត ត្រូវបានពង្រឹងយ៉ាងសកម្ម សូម្បីការកេងបំបាត់ម្ទេស ១គ្រាប់ គឺទទួលទណ្ឌកម្មដល់ជីវិត។ នៅក្នុងឆ្នាំ១៩៧៥ រហូតដល់១៩៧៩ ក្រុមបដិវត្តក្រហមឆ្អិនឆ្អៅ បានបំបិទផ្សា បំបាត់ការប្រើប្រាស់លុយ នៅក្នុងបុព្វហេតុប្រឆាំងនិងអំពើពុករលួយនេះផងដែរ។ ពីឆ្នាំ១៩៧៩ រហូតដល់ ២០១០ សង្គមកម្ពុជាបានរៀនសូត្រច្បាស់អំពីផលវិបាកនៃអំពើពុករលួយ នោះមិនមែនរាប់តែលុយកាក់ ទ្រព្យសម្បតិ្តនោះទេ ក៏ប៉ុន្តែ អំណាច និងសុច្ចរិតភាពបំរើប្រជាពលរដ្ឋ ក៏ត្រូវបានគូសវាស ក្នុងកិច្ចប្រឆាំង ឬកាត់បន្ថយ និងអំពើពុករលួយតាមរយៈច្បាប់ប្រឆាំងនិងអំពើពុករលួយ ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងខែមេសា ឆ្នាំ២០១០ ដែលមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹងនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។ ហើយច្បាប់នេះក៏មានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធាន ការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ហើយដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
Fresh News: តើច្បាប់នេះដូចដែលលោកបានលើកឡើង គឺសំដៅតែមន្ត្រីរាជការ ដែលជាអ្នកផ្តល់សេវាកម្ម ឬបំរើសាធារណៈជន តែប៉ុណ្ណោះទេ ឬយ៉ាងណា?
ផៃ ស៊ីផាន៖ អរគុណ នេះជាការចាប់ផ្តើម ដែលរាជរដ្ឋាភិបាលបានប្តេជ្ញា ជាមួយនិងឥរិយាបទរបស់ខ្លួន ដែលជាគ្រឹះនៃការប្រឆាំងនឹងអំពើពុករលួយ និងចាប់ផ្តើម ជាអ្នកទទួលខុសត្រូវមុនគេបំផុត នៅក្នុងកិច្ចការងាររាជការ ដែលធានាឲ្យបាននូវការផ្តល់សេវាកម្មជូនដល់សាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់ សមធម៌ និងមិនរើសអើងជាមួយនិងវណ្ណៈ ឬធនធានរបស់ជនណាមួយនោះឡើយ។ ដូចនេះយើងឃើញមានជនបង្គោលឃ្លាំមើល តាមដាន និងអប់រំដើម្បីប្រឆាំងនិងភាពមិនប្រក្រតី នៃសេវាសាធារណៈ ដែលតំណាងឲ្យអង្គភាពប្រឆាំងអំពើពុករលួយនៅតាមក្រសួង ឬការិយាល័យរដ្ឋនីមួយៗ។ នេះជាវប្បធម៌លើកតម្កើងនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់នៃជំនាញរដ្ឋបាល។
Fresh News: តើអ្វីដែលយើងមានរួចមកហើយ ច្បាប់យន្តការ និងបង្កើតនូវវប្បធម៌តម្លាភាព និងគណនេយ្យភាព តើអាចធានាបានពីភាពមិនប្រក្រតីនៃសេវាកម្មរបស់រដ្ឋ ដែលអាចពាក់ព័ន្ធនិងអំពើពុករលួយដែលឬទេ?
ផៃ ស៊ីផាន៖ អរគុណ នេះជាការចាប់ផ្តើមនៃជំហានទីមួយរបស់កម្ពុជា ជាពិសេសសេចក្តីប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការប្រឆាំងនឹងភាពមិនប្រក្រតីនៃការផ្តល់សេវាកម្ម នោះមិនគិតរួមទាំងការបង្កើតការយល់ដឹងរបស់សង្គម ព្រមជាមួយការចូលរួម និងសកម្មភាពប្រឆាំងនិងភាពមិនប្រក្រតីនេះ រាប់ទាំងបណ្តាញសារព័ត៌មាន ប្រជាពលរដ្ឋទូទៅ និងបណ្តាញអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសម្រេចបាននូវប្រសិទ្ធិភាពនៃកិច្ចការផ្តល់សេវាកម្មសាធារណៈ ដែលស្ថិតនៅក្នុងតម្លាភាព និងគណនេយ្យភាព ដែលគេអាចផ្ទៀងផ្ទាត់បានប្រកបដោយការទទួលខុសត្រូវខ្ពស់។ រីឯចំណែកទី២ ពីការងាររដ្ឋ ក្នុងការផ្តល់សេវាកម្មសាធារណៈ ទាំងតម្លាភាព ទាំងគណនេយ្យភាព ទាំងសមធម៌ជូនដល់ប្រជាពលរដ្ឋ គឺយើងមានគោលនយោបាយពន្ធដារ ដើម្បីធានាការចូលរួមនូវធនធាន ដើម្បីកសាងសង្គមជាតិដោយសមធម៌។ នៅពេលថ្មីៗនេះ ក្រៅពីព័ត៌មាននៃកំណើនកើនឡើងនៃចំណូលរដ្ឋ គ៏ជាភាគមួយដ៏ធំធេង នៅក្នុងឥរិយាបទប្រឆាំងនិងអំពើពុករលួយនេះផងដែរ ហើយនៅពេលថ្មីៗ មន្រ្តីពន្ធដារ និងគយ ក៏បានចូលស្បថនៅសាលាឧទ្ធរណ៍ទទួលយកការខុសត្រូវជា សមត្ថកិច្ចនៃមន្ត្រីយុត្តិធម៌នៃការងាររបស់ខ្លួន ក្នុងកិច្ចធានាឲ្យបានការចូលរួមបង់ពន្ធ រួមចំណែកការងារកសាងជាតិដោយសមធម៌។ នេះជាគោលនយោបាយអនុវត្តថ្មី នៃការគ្រប់គ្រងប្រក្រតីភាពនៃចំណូលចំណាយឯកជន ឬក្រុមហ៊ុន ដើម្បីឆ្លើយតប និងការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយផងដែរ។ ដូចនេះ គឺការបង្ហាញនូវការប្រយុទ្ធប្រឆាំង ឬបង្គ្រាបអំពើពុករលួយ ដែលមានវិធានខុសៗគ្នា។ បញ្ញវន្តដែលមាននិន្នាការយកបញ្ហាពុករលួយ ជាមូលដ្ឋានគ្រឹះ ក្នុងការផ្លាស់ប្តូររបប គឺការបំផុស នូវភាពច្រណែន និងនិន្ទារ ដើម្បីស្វែងរកការចូលរួម និងគាំទ្រសកម្មភាពរបស់គេ។ នៅពេលខ្លះបញ្ញាវន្តនោះ មានមហិជ្ជតានយោបាយ ដើម្បីផលប្រយោជន៍របស់ខ្លួន ឬក្រុមរបស់ខ្លួន ដើម្បីអំណាចគ្រប់គ្រងរដ្ឋ រហូតដល់ប្រើពាក្យ «ពាណិជ្ជករទុច្ចរិត» ដែលមាននិន្នាការខុសគ្នា ជាមួយនឹងបញ្ញវន្តដែលមាននិន្នាការទីផ្សាសេរី ដែលគេមើលឃើញថា ពាណិជ្ជករ និងធនធានរបស់ពាណិជ្ជករ ឬបុគ្គល គឺជាធនធានរបស់រដ្ឋ។ គោលដៅនៃការប្រឆាំងនិងអំពើពុករលួយ គេយកចំណូល ឬធនធានមិនប្រក្រតី ដែលជាបញ្ហា។ គេតែងតែប្រឆាំង និងស្វែងរកវិធាន ដើម្បីឆក់ឱកាសពីចំណូលរបស់ពាណិជ្ជករ ឬបុគ្គល ដើម្បីឱកាសក្នុងការចូលរួមអភិវឌ្ឍស្រុកក្នុងភាពសមធម៌ តាមរយៈការបង់ពន្ធដារ។ ការមិនចូលរួមបង់ ឬកេងបំបាត់ពន្ធដារ របស់ក្រុមហ៊ុន ឬបុគ្គល គឺត្រូវទទួលទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មនេះ គឺជាចូលរួមចំណែកដោយប្រយោលក្នុងកិច្ចប្រឆាំងក្នុងអំពើពុករលួយ។ ដូចនេះកម្ពុជា ក្នុងការប្រឆាំងអំពើពុករលួយ មានទិដ្ឋភាពពីរយ៉ាងសំខាន់ៗ ទី ១ គឺការបោសសំអាតអត្តចរិតរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាកម្មប្រសើរដល់មហាជន ដើម្បីឲ្យមានភាពសកម្ម និងគណនេយ្យភាពក្នុងការអភិវឌ្ឍស្រុក។ ទី២ គឺធ្វើឲ្យមានសុច្ចរិតភាពរវាងចំណូល និងបន្ទុកចូលរួមកសាងសង្គមប្រកបដោយសមធម៌ពីធនធានរបស់ខ្លួន តាមរយៈការបង់ពន្ធដារ។
Fresh News: តើលោកយល់យ៉ាងដូចម្តេចដែរ ចំពោះការលើកឡើងសុំឲ្យមានការប្រកាសទ្រព្យសម្បត្តិ ឬធនធានឲ្យក្លាយទៅជាព័ត៌មានសាធារណៈ?
ផៃ ស៊ីផាន៖ អរគុណ ការលើកឡើងរបស់បុគ្គលមួយចំនួន ដែលប្រាថ្នាឲ្យរបាយការណ៍ផ្ទាល់ខ្លួនរបស់បុគ្គលនីមួយៗ ជូនដល់អង្គភាពប្រឆាំងនិងអំពើពុករលួយ គឺជាវិធាននៃច្បាប់ នៃការអនុវត្តប្រឆាំងនិងអំពើពុករលួយ គឺជាវិធាននៃការគោរពភាពជាឯកជនរបស់បុគ្គលនីមួយៗ ត្បិតរបាយការណ៍ទាំងនោះ គឺជាព័ត៌មាន និងកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលឆ្លើយតប ទៅនិងតម្រូវការរបស់រដ្ឋ។
ព័ត៌មាននៃរបាយការណ៍នោះ គឺជាកម្មសិទ្ធិរបស់បុគ្គល មិនមែនជាកម្មសិទ្ធិរបស់សាធារណះនោះទេ។ ឧទាហរណ៍ជាក់ស្តែងសហរដ្ឋអាមេរិក ក៏មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកាពារព័ត៌មាន ដែលជាកម្មសិទ្ធិរបស់ឯកជន។ ឧទាហរណ៍ ដូចជាព័ត៌មានសុខភាពរបស់បុគ្គល ក៏ដូចជាថ្មីៗនេះ ការសម្តែងនូវប្រតិកម្មរបស់ក្រុមហ៊ុន Apple ដែលមិនព្រមទម្លាយនូវទិន្នន័យ នៅក្នុងទូរសព្ទឯកជន ឲ្យទៅរដ្ឋ។ ដូចនេះ បំណងនៃការចង់កម្លាយ ព័ត៌មានដែលជាកម្មសិទ្ធិរបស់ ឯកជន ឲ្យក្លាយទៅជាព័ត៌មានសាធារណះ គឺជាការដើរថយក្រោយ នៃការគោរពសិទ្ធិសេរី និងផលប្រយោជន៍ឯកជន ដែលពិភពលោកនាំគ្នាប្រឆាំង។ មានតែអ្នកដែលមាននិន្នាការកុម្មុនិស និងផ្តាច់ការនោះទេ ដែលប្រឆាំងភាពឯកជនរបស់ប្រជាពលរដ្ឋខ្លួនឯង៕