(ភ្នំពេញ)៖ ក្មេងទំនើង២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេស រួចយកទៅបង្ហោះលេងសើចនៅតាមបណ្តាញសង្គម TikTok ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមលោកវេសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។

ក្មេងទំនើងទាំង២នាក់រួមមាន៖

*ជនសង្ស័យទី១ ឈ្មោះ លឹម ហុងឡេង ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ មុខរបរនៅផ្ទះ។
*ជនសង្ស័យទី២ ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ មុខរបរជាងដែក។

ជនសង្ស័យទាំង២ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សា (វាយក្បាល) លើជនបរទេសដែលមិនស្គាល់អត្តសញ្ញាណកំពុងជិះកង់ពិតប្រាកដមែនកាលពីវេលាម៉ោង ១៧:១០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេសាប។ ពេលធ្វើសកម្មភាពនោះ ជនសង្ស័យឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ដែលជិះម៉ូតូពីក្រោយ គឺជាអ្នកទះក្បាលជនបរទេសពីក្រោយ ឯជនសង្ស័យឈ្មោះ លឹម ហុងឡេង ជាអ្នកបើកម៉ូតូម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1HK-2418 ដឹកជនដៃដល់។

បច្ចុប្បន្នជនសង្ស័យទាំង២ រួមនិងមធ្យោបាយធ្វើដំណើ (ម៉ូតូដែលជិះធ្វើសកម្មភាព) ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារបញ្ជូនសំណុំរឿងទៅតុលាការដើម្បីបន្តតាមនីតិវិធីច្បាប់។

សម្រាប់ករណីនេះគឺជាគំរូអាក្រក់មួយ ដែលមិនគួរកើតមានទាល់តែសោះ ដោយរូបគេបានធ្វើសកម្មភាពបង្ហាញពីការខ្វះសីសធម៌ នៅក្នុងសង្គម ពិសេសទៅលើជនបរទេសតែម្ដង៕