(ភ្នំពេញ)៖ សម្រាប់លទ្ធផលថៃ្ងទី៥ ដែលត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូ ដែលប្រសិទ្ធនាមថា ( Leo Cup National Volleyball 2016) ដែលប្រកួតគូទី១-រវាងក្រុមសមាគមនិស្សិត ប្រកួតជាមួយក្រុមយុវជនភ្នំពេញថ្មី, ទី២-រវាងក្រុមវិទ្យាស្ថាន អប់រំកាយ និងកីឡា ប្រកួតជាមួយក្រុមយុវជនបុរីកីឡា។
ចំពោះលទ្ធផលវិញ ទី១- ក្រុមយុវជនភ្នំពេញថ្មី ឈ្នះក្រុមយុវជនសមាគមនិស្សិត ៣សិតទល់នឹង២សិត និងទី២-ក្រុមវិទ្យាស្ថាន អប់រំកាយ និងកីឡា ឈ្នះក្រុមយុវជនបុរីកីឡា ៣សិតទល់នឹង១សិត។ រីឯក្រុមដែលមានឈ្មោះប្រកួតក្នុងក្របខ័ណ្ឌ Division B មានចំនួន៨ បែងចែកជាពីរពូល Aនិង B ពូលនីមួយៗមានចំនួន ៤ក្រុម។ ពីរក្រុមដែលឈ្នះជ័យលាភីលេខ ១ និងលេខ២ ក្នុងក្របខ័ណ្ឌ Division B នឹងបានឡើងទៅលេងបង្គ្រប់ចំនួន ៨ក្រុមជាមួយក្រុមចំនួន ៦ដែលកំពុងរង់ចាំក្នុងក្របខ័ណ្ឌ Division A ។
ដើម្បីឲ្យការប្រកួតនេះមានសមភាព និងតម្លាភាព ក្រុមកីឡាករអាជីពទាំង ៦ក្រុមនាឆ្នាំ២០១៥កន្លងមក មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងវគ្គជម្រុះតាមមណ្ឌល ផ្សេងៗឡើយ ក្នុងនោះមានដូចជា ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមវិសាខា ក្រុមក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមសាលាខេត្តកំពង់ចាម និងកងពលធំលេខ៣ខេត្តព្រះវិហារ។
គួរបញ្ជាក់ថា ថ្ងៃទី២៨ ខែកុម្ភៈនេះ មានការប្រកួតផ្ដាច់ព្រ័ត្រ រួមទាំងមានការប្រកួត មិត្ដភាព រវាងក្រុម បញ្ជាការដ្ឋានអង្គរក្ស ជាមួយក្រសួងមហាផ្ទៃ ធានាថានឹងកក្រើកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក៕