(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន និងពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីត្រៀមបម្រុងទុកប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយក្នុងការព្យាបាលអ្នកជំងឺកូីដ១៩។

លោក តូច ប៉ូលីវ៉ា បានថ្លែងថា តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបញ្ជាផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឲ្យមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅសណ្ឋាគារមួយកន្លែង និងមន្ទីពេទ្យរដ្ឋ ដើម្បីត្រៀមសម្រាប់បម្រុងទុកជាកន្លែងព្យាបាលទី៣ នៅក្នុងខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺកូវីដ១៩ ចំនួន ២កន្លែង នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ និង២មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទះឡើងនូវជំងកូវីដ១៩ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីដ១៩ វិជ្ជមាន ២នាក់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញមន្ទីរពេទ្យ ស្វាយជ្រំ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលកូវីដ១៩ បើមន្ទីរពេទ្យទាំង ២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជន សម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀត៕