(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាបុគ្គលិកបម្រើការងារនៅណាហ្គាវើលដ៍ បន្ទាប់ពីពួកគេបានគេចវេសពីកន្លែងធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន រួចហើយធ្វើដំណើរទៅផ្សារបឹងកេងកង ប៉ុន្តែនៅពេលដែលពួកគេបានស្គេន QR Code នោះបានលោតពណ៌លឿងដែលមានន័យថា និងសំដៅទៅលើបុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកកើតកូវីដ១៩។
បុគ្គលទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ហែម ម៉ារីម៉ុច ភេទស្រី អាយុ៣០នាក់
*ទី២៖ ឈ្មោះ លី ហេង ភេទប្រុស អាយុ១៩ឆ្នាំ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើនេះអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យនាំខ្លួនស្ត្រី និងបុរសទាំងពីរនាក់ ទៅធ្វើចត្តាឡីស័កឡើងវិញ ដែលអាជ្ញាធររៀបចំនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី នៅក្នុងខណ្ឌសែនសុខ។
លោកបានបន្តទៀតថា ចំពោះទង្វើរបស់ពួកគេទាំង២នាក់នេះ នឹងត្រូវទទួលរងការផាកពិន័យ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានចែងពាក់ព័ន្ធទៅនឹងអ្នកគេចវេស។
សូមបញ្ជាក់ថា នេះគឺជាករណីទីមួយហើយនៅក្នុងរាជធានីភ្នំពេញ ដែលអាជ្ញាធរបានចាត់វិធានការ និងឃាត់ខ្លួនអ្នកដែលគេចវេសពីធ្វើចត្តាឡីស័ក នៅនឹងផ្ទះរបស់ខ្លួនហើយ ដើរចេញទៅក្រៅដោយពុំមានការអនុញ្ញាត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអំពាវនាវចំពោះអ្នកដែលធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន សូមមេត្តាចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពកុំឲ្យគេចចេញពីចត្តាឡីស័កដែលនាំឲ្យប៉ះពាល់ និងនាំឲ្យមានការឆ្លងទៅអ្នកដទៃបើសិនជាខ្លួនកើតកូវីដ១៩មែននោះ ហើយអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ក្នុងរាជធានីភ្នំពេញ ក្នុងនោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល។
រដ្ឋបាលរាជធានី បានបញ្ជាក់ថា ក្រោយការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ជាពិសេសបានបង្កើតគណៈបញ្ជាការស្រាល និងបង្កើនកម្លាំងយាមប្រចាំការ ២៤/២៤ម៉ោង តាមបណ្តាមន្ទីរពេទ្យព្យាបាល និងគោលដៅចត្តាឡីស័កទាំងរដ្ឋ និងឯកជន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក។
ជាមួយគ្នានេះ ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តវិធានការចត្តាឡីស័ក ឱ្យកាន់តែមានប្រសិទ្ធភាព ផ្អែកតាម គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំរួមគ្នា និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code «ទប់ស្កាត់កូវីដ Stop Covid» តាមបណ្តាអង្គភាពរដ្ឋ និង អាជីវកម្មដ្ឋានក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាផ្នែកមួយចូលរួមបង្ការ-ទប់ស្កាត់ការរីករាលជាសកលជំងឺកូវីដ៕