(កណ្ដាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នាពេលថ្មីៗនេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការយកសំណាក និងអ្នកធ្វើចត្តាឡីស័កនៅមូលដ្ឋានស្រុកមុខកំពូល និងស្រុកពញាឮ ដោយផ្ដាំផ្ញើរដល់ពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺនេះតាមអនុសាសន៍ «៣កុំ ៣ការពារ»។
ថ្លែងនៅក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានណែនាំដល់មន្ត្រីទាំងឡាយនៅភូមិសាស្ត្រខាងលើ បន្តការយកចិត្តទុកដាក់ ពិនិត្យមើលពលរដ្ឋឲ្យមានម៉ត់ចត់ តាមដានសុខភាពពួកគាត់ និងស្រាវជ្រាវអ្នកពាក់ព័ន្ធ ទាំងអស់យកមកធ្វើចត្តាឡីស័ក និងយកសំណាកពួកគាត់ទៅពិនិត្យផងដែរដើម្បីច្បាស់ថា តើពួកគាត់មានផ្ទុកវិជ្ជមានកូវីដ១៩ឬទេ?
លោកអភិបាលរងខេត្តបន្តថា រដ្ឋបាលខេត្តកណ្ដាលក្រោមការដឹកនាំរបស់លោក គង់ សោភ័ណ្ឌ បានខ្នះខ្នែង យកចិត្តទុកដាក់បំផុតចំពោះបញ្ហាកូវីដ១៩នេះ ពិសេសបន្តតាមដាន ស្រាវជ្រាវ ជួយទំនុកបំរុងដល់ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ហើយបន្តណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃ។
គួរជម្រាបថា ចាប់តាំងពីការផ្ទុះឡើងជម្ងឺកូវីដ១៩មក លោក គង់ សោភ័ណ្ឌ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហានេះ គ្មានបានដេកពួនសំងុំសុខឡើយ ពោលគឺលោកបានដឹកនាំសហការីចុះធ្វើការលើការទប់ស្កាត់នេះ បានយ៉ាងល្អឥតខ្ចោះ ដែលសកម្មភាពនេះទទួលបានការកោតសរសើរ ពេញចិត្ត និងកក់ក្ដៅបំផុតពីសំណាក់ពលរដ្ឋទូទាំងខេត្តកណ្ដាលដែលមានអភិបាលល្អម្នាក់តែងតែខ្នះខ្នែងជួយដល់ពលរដ្ឋមិនគិតការនឿយហត់ឡើយ តាំងពីលោកឡើងកាន់តំណែងជាអភិបាលខេត្តកណ្ដាលមក៕