(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
សូមបញ្ជាក់ថា ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២របស់ខេត្ត មានចំនួន ២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះ៖
*ទី១៖ នៅសណ្ឋាគារមេគង្គ មាន ៧១ បន្ទប់ ស្មើនឹង ១៤២គ្រែ
*ទី២៖ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ៣អាគារ មាន ៨៩បន្ទប់ ស្មើនឹង៤៤៣គ្រែ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា បានដឹកនាំមន្រ្តី និងអាជ្ញាធរ ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងបុរសជនជាតិខ្មែរម្នាក់ឈ្មោះ ម៉ី ស៊ីថាន មានវិជ្ជមានកូវីដ-១៩ មកពីខេត្តព្រះសីហនុ។ អាជ្ញាធរខេត្ត បានរកឃើញអ្នកពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ ស្នាក់នៅកន្លែងធ្វើអាជីវកម្មឡឥដ្ឋក្នុងស្រុកកងមាស។
ជាលទ្ធផលក្រុមអាជ្ញាធរខេត្ត បានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួន៣២នាក់ នៅកន្លែងធ្វើអាជីវកម្មឡឥដ្ឋ ស្ថិតក្នុងភូមិអូរកណ្ដាល ឃុំព្រែកកំបៅ ស្រុកកងមាស និងបានបិទផ្អាកអាជីវកម្មឡឥដ្ឋមួយនេះ ជា បណ្តោះអាសន្នផងដែរ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមានហានិភ័យខ្ពស់ (ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាំយកបុរសខាងលើមកធ្វើចត្តាឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។
លុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ទើបទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា បុរសខាងលើមានលទ្ធផលវិមានកូវីដ១៩ ហើយបច្ចុប្បន្នបុរសខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
បន្ទាប់មកលោកអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធនឹងករណីបុរសខាងលើ និងសូមអំពាវនាវដល់បងប្អូន ដែលបានពាក់ព័ន្ធនឹងបុរសខាងលើ ទៅតាមពេលវេលា និងទីកន្លែងដែលបុរសខាងលើបានធ្វើដំណើរទៅ ដើម្បីទៅពិនិត្យសុខភាព និងយកសំណាក នៅតាមមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ និងត្រូវរាយការណ៍បន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបន្ទាន់ផងដែរ៕