(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំចំនួន ៥ចំណុចស្តីពី «ការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩» ដល់ក្រុមជំនួយការសមាជិក គ.ជ.ប ថ្នាក់ដឹកនាំអង្គភាពជំនាញ និងមន្ត្រីដែលកំពុងបម្រើការងារនៅទីស្តីការ គ.ជ.ប និងតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប)។
ការចេញសេចក្តីណែនាំរបស់ គ.ជ.ប ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០ កុម្ភៈ» មិនទាន់ធូរស្រាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងសេចក្តីណែនាំដដែល គ.ជ.ប ក៏សូមណែនាំដល់គ្រប់អង្គភាពទាំងអស់អនុវត្តនូវវិធានការដូចខាងក្រោមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៖
*ទី១៖ អង្គភាពជំនាញនីមួយៗ ត្រូវអនុញ្ញាតឱ្យមន្ត្រីក្រោមឱវាទសម្រាកពីការងារចំនួន ១សប្តាហ៍ ប៉ុន្តែត្រូវចាត់ឱ្យមានអ្នកប្រចាំការ ១០% នៃចំនួនមន្ត្រីក្នុងអង្គភាពដើម្បីធានាឱ្យមាននិរន្តរភាពការងារប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ អង្គភាពជំនាញនីមួយៗ ត្រូវធ្វើការងារ ឬទំនាក់ទំនងការងាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Online) ក្នុងអង្គភាពផ្ទាល់ និងជាមួយអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត ចំណុះអគ្គលេខាធិការដ្ឋាន។
*ទី២៖ ផ្អាករាល់ការប្រជុំផ្សេងៗ និងត្រូវរៀបចំតាមប្រព័ន្ធ (Online) ក្នុងករណីចាំបាច់។
*ទី៣៖ បន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្លួន តាមសេចក្តីណែនាំលេខ០១៧ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ របស់ គ.ជ.ប និងគោលការណ៍ណែនាំនានារបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យទទួលបានប្រសិទ្ធភាព។
*ទី៤៖ បន្តក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធ (Online)។
ទី៥៖ បន្តតាមដានសុខភាពករណីមានការសង្ស័យ ឬសភាពមិនប្រក្រតីដែលជារោគសញ្ញាកូវីដ-១៩ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទ១១៥ ជាបន្ទាន់៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ គ.ជ.ប៖