(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលយកអំណោយជាម៉ាស ទឹកអាល់កុល និងថវិកាពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោក ម៉ែន វិបុល បានថ្លែអំរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់ប្រជាពលរដ្ឋក្នុង និងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកាជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើម។ ជាក់ស្តែងសម្ភារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកអភិបាលខេត្តបានបញ្ជាក់ថា អំណោយ និងថវិកាដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ឱ្យចំទិសដៅ ក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមបរិបទនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះលោកបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ស្របតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានខ្ជាប់ខ្ជួនបំផុត។ អំណោយទាំងនោះរួមមាន ម៉ាស ១០កេសធំ ស្មើនឹង ២៥,០០០ម៉ាស ទឹកអាល់កុល ១០កេស ស្មើនឹង៤៨០ដប។

សូមបញ្ជាក់ថាថ្មីៗនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវ ដល់អ្នកដែលមានការពាក់ព័ន្ធ ឬដឹងថាខ្លួនប៉ះពាល់ជាមួយនឹងស្ត្រីជនជាតិវៀតណាមពីរនាក់ ដែលឆ្លងជំងឺកូវីដ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ដោយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តកម្រិត២ ក្រុងបាវិត ឬតាមរយៈទូរស័ព្ទលេខ៖ ០៨៨ ៦៣៤២ ៧០០/០៨៨ ៧៩ ៣៦ ៣៧៣ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកវត្ថុសំណាកតេស្ដរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល៕