(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបាននិងកំពុងមានការកើនឡើងខ្លាំងនាពេលបច្ចុប្បន្ននេះ នៅតាមបណ្តា រាជធានី-ខេត្តពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការបន្ទាន់ និងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទទាំងអស់ចំនួន០៩ចំណុច ដើម្បីបង្កើនការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ចំពោះ វិធានការបន្ទាន់ទាំង០៩ ចំណុចរួមមាន៖
*ទី១៖ គ្រប់អគ្គនាយកដ្ឋាន/អង្គភាព ត្រូវកាត់បន្ថយចំនួនបុគ្គលិកមន្ត្រីរាជការ ដែលត្រូវមកបំពេញការងារនៅទីស្តីការក្រសួង/អង្គភាព ដោយជំនួសមកវិញនូវការបំពេញ ការងារពីផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ(Online) ប៉ុន្តែត្រូវរៀបចំឱ្យមានបុគ្គលិកមន្ត្រីរាជការប្រចាំការប្តូរវេនគ្នានៅតាមបណ្តាអង្គភាពនីមួយៗ ក្នុងចំនួនតិចត្រឹមកម្រិត ១០ភាគរយប៉ុណ្ណោះ រហូតដល់មានការជូនដំណឹងជាថ្មី។
*ទី២៖ គ្រប់អគ្គនាយកដ្ឋាន/អង្គភាព ត្រូវបន្តជំរុញឱ្យបុគ្គលិកមន្ត្រីរាជការក្រោមឱវាទទាំងអស់ ចូលរួមបំពេញទម្រង់ឌីជីថលរាយការណ៍ពីស្ថានភាពសុខភាពផ្ទាល់ខ្លួន ជារៀងរាល់ថ្ងៃជាប្រចាំតាមរយៈ http://trace.covid19.mpwt.gov.kh ឬស្តែន QR Code ដែលបាននិងកំពុងអនុវត្តកន្លងមកទោះបីជាបំពេញការងារពីផ្ទះក៏ដោយ។
*ទី៣៖ នាយកដ្ឋានបុគ្គលិកត្រូវពិនិត្យនិងតាមដានទិន្នន័យនៃការរាយការណ៍អំពីស្ថានភាពសុខភាពរបស់បុគ្គលិកមន្ត្រីរាជការ និងធ្វើការទាក់ទងបន្ទាន់ប្រសិបើមានករណី សង្ស័យណាមួយ ត្រូវបានរាយការណ៍និងត្រូវសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការតាមដាន សុខភាពបុគ្គលិកមន្ត្រីរាជការ តាមរយៈការបំពេញទម្រង់ឌីជីថលខាងលើនេះជូនថ្នាក់ដឹកនាំក្រសួងឱ្យបានទៀងទាត់ជាប្រចាំ។
*ទី៤៖ ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតីដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ បុគ្គលិកមន្ត្រីរាជការត្រូវរាយការណ៍មកនាយកដ្ឋានបុគ្គលិកតាមរយៈលេខទូរស័ព្ទ 011 958 311 ឬទូរស័ព្ទទៅលេខ១១៥ ជាបន្ទាន់។
*ទី៥៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការដែលត្រូវប្រចាំការនៅអង្គភាពនីមួយៗ ត្រូវបន្តចូលរួមស្ដែន QR Code «ទប់ស្កាត់មេរោគកូវីដ-១៩» ដែលបានបិទផ្សព្វផ្សាយ នៅតាមច្រកចេញ-ចូល អគាររដ្ឋបាលកណ្តាល អគារក អគារខ អគារសាលប្រជុំ និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
*ទី៦៖ នាយកដ្ឋានរដ្ឋបាលត្រូវគ្រប់គ្រងច្រកចេញ-ចូលទាំងអស់ដោយកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាមមិនត្រូវអនុញ្ញាត ឱ្យចូលក្នុងបរិវេណទីស្តីការក្រសួងជាដាច់ខាត។
*ទី៧៖ គ្រប់អង្គភាពទាំងអស់ ជាពិសេសបុគ្គលិកមន្ត្រីរាជការដែលធ្វើការដោយផ្ទាល់ជាមួយឯកសារតាមច្រកចេញ-ចូល ឬមន្ត្រីចរាចរឯកសារត្រូវស្កែនសម្លាប់មេរោគ លើគ្រប់ឯកសារទាំងអស់ឱ្យបានរួចរាល់មុននឹងបញ្ជូនឯកសារទាំងអស់នោះទៅតាមនីតិវិធីមកថ្នាក់ដឹកនាំ ឬអង្គភាពពាក់ព័ន្ធ។ ក្នុងករណីខ្លះត្រូវជំរុញការដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល(Telegram)។
*ទី៨៖ ត្រូវបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់បំផុតនូវវិធានការ ៣-ការពារ និង ៣-កុំ រួមមានដូចជា៖ ត្រូវពាក់ម៉ាស់ត្រូវលាងសម្អាតដៃ ត្រូវរក្សាគម្លាតសង្គម និងគម្លាតបុគ្គល(ចាប់ពី១,៥ម៉ែត្រឡើងទៅ), កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា-ចាប់ដៃគ្នា-កៀកស្មាគ្នា-អោបគ្នាជាដើម។
*ទី៩៖ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬការជួបជុំនានា។ ចំពោះការងារចាំបាច់ដែលអាក់ខានមិនបាន ត្រូវបានអនុញ្ញាត ឱ្យរៀបចំតាម ប្រព័ន្ធ Video Conference។
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖