Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាត់ខ្លួនជនជាតិចិន៩នាក់ ដែលត្រូវបានរថយន្តមួយគ្រឿង ដឹកយកទម្លាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ, នៅពេលនេះនគរបាលកំពុងសួរនាំ តើចេញមកពីទីតាំងណាឲ្យពិតប្រាកដ

09-03-2021 15:44

(តាកែវ)៖ កម្លាំងនគបាលស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ នៅត្រង់ចំណុចភូមិកំពង់រាប ឃុំកំពែង ស្រុកព្រៃកប្បាស បន្ទាប់ពីក្រុមជនជាតិចិនទាំងអស់នេះ បានជិះរថយន្តឈ្នួលម៉ាកសាំយ៉ុង ១៥កៅអីមួយគ្រឿងមានគ្នា៩នាក់ ក្នុងគោលបំណងចូលមកទឹកដីខេត្តតាកែវ ហើយឆ្ពោះទៅរាជធានីភ្នំពេញ។

ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានបន្តសួរនាំជនជាតិចិនទាំងនេះ ដើម្បីឲ្យដឹងលំអិត តើពួកគេបានចាកចេញពីកន្លែងណាឲ្យពិតប្រាកដ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត។

បើតាមលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បន្ទាប់ពីធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ កម្លាំងនគបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្រ្តីសុខាភិបាល និងបានដឹកជនជាតិចិនទាំងអស់នោះមកដាក់ឲ្យធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិតាកែវដែលស្ថិតនៅក្នុងក្រុងដូនកែវ៕