(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤៨នាក់ និងអ្នកជំងឺម្នាក់ ជាករណីធ្វើដំណើរមកពីបរទេស ខណៈអ្នកជាសះស្បើយ២១នាក់។
អ្នកជំងឺឆ្លងក្នុងសហគមន៍៤៨នាក់ នោះមានជនជាតិចិន ២៨នាក់, ជនជាតិខ្មែរ ១៩នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់។ ចំណែកករណីនាំចូលវិញ គឺជាបុរសជនជាតិលីប៊ី ធ្វើដំណើរមកពីប្រទេសលីប៊ី មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។
សម្រាប់អ្នកជាសះស្បើយទាំង២១នាក់វិញ គឺមានម្នាក់ជាជនជាតិស្វីស ដែលធ្វើដំណើរមកពីក្រៅប្រទេស និង២០នាក់ផ្សេងទៀត គឺជាអ្នកជំងឺដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ។
សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់៕