(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌកំបូល នៅព្រឹកថ្ងៃទី០៩ ខែមី នា ឆ្នាំ២០២១នេះ បានបញ្ជូនបុរស២នាក់ ម្នាក់ជាមន្រ្តីយោធាផងនោះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាង អយ្យការបើកការស៊ើបសួរ និងឈានទៅការចោទប្រកាន់តាមផ្លូវច្បាប់ បន្ទាប់ពីពួកគេជិះរថយន្តទំនើបរួចដើរបាញ់សត្វកម្សាន្ត តែត្រូវកុមារាកំព្រាម្នាក់បណ្តាលឱ្យស្លាប់យ៉ាងអណោចអធ័ម។

បើតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅពេលដែលបញ្ជូនជនសង្ស័យទាំង២នាក់ មកដល់តុលាការនៅព្រឹកថ្ងៃទី៩ ខែមីនានេះ គេសង្កេតឃើញមានអ្នករត់ការជាច្រើននាក់ អមដំណើរដោយរថយន្តសេរីទំនើបៗ មកជួយអន្តរាគមន៍ ក្នុងគោលបំណងឱ្យមានការដោះលែងជនសង្ស័យទាំង២នេះ។

តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍បាញ់ចាប និងលលក ដែលបណ្តាលឱ្យកុមារាកំព្រាស្លាប់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីវាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងប្រុសបាត់បង់ជីវិតមានឈ្មោះ សារឿន ប៊ុនថា មានអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន ស្នាក់នៅក្នុងមណ្ឌលអង្គារ «សង្គ្រោះជនអស់សង្ឃឹម» ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗគួរឱ្យអាសូរណាស់។

សម្រាប់ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ទុត សុគន្ធារ៉ា អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ទុត សុគន្ធរ៉ាវ័ន្ត អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះកំពុងឈរលេងជាមួយក្មេងៗ ៣នាក់ទៀតនៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែឮស្នូរកាំភ្លើង១គ្រាប់ផ្ទុះឡើង នៅជិតនោះបណ្ដាលឱ្យ ត្រូវក្មេងប្រុសរងគ្រោះចំក្បាលដួលស្លាប់ភ្លាមៗតែម្ដង។ ទើបមានការជ្រួលច្របល់ស្រាប់តែមានគ្រាប់កាំភ្លើងចំនួន ៣គ្រាប់ផ្ទួនៗគ្នាទៀតហោះទៅធ្លាក់នៅកន្លែងកើតហេតុនោះទៀត ប៉ុន្តែពុំបានបណ្ដាលឱ្យត្រូវក្មេងប្រុសផ្សេង ទៀតដែលជិតនោះឡើយ។

ក្រោយពេលកើតហេតុកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារខណ្ឌកំបូល បានចុះទៅអន្តរាគមន៍ ហើយបានប្រទះឃើញជនសង្ស័យ២នាក់ ជិះរថយន្តម៉ាក Ssangyong REXTON ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02-0282 គួរឱ្យសង្ស័យក៏បានឃាត់ត្រួតពិនិត្យ។

ខណៈនោះកម្លាំងចម្រុះបានរកឃើញកាំភ្លើងវែងស៊េរីទំនើប ១ដើម នៅក្នុងរថយន្តក្រោយពេលសាកសួរជនសង្ស័យ និយាយថាខ្លួនបាញ់សត្វទៅខាងណោះសោះហេតុម្ដេចទៅត្រូវក្មេងប្រុសរងគ្រោះទៅវិញ ហើយសមត្ថកិច្ចក៏បានរកឃើញសត្វលលក ១ក្បាលងាប់ ដោយសារគ្រាប់កាំភ្លើងផងដែរ៕