(ត្បូងឃ្មុំ)៖ សម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តល់កាដូជូនប្រជាកសិករនៅឃុំចំនួន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នូវគម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោង ដើម្បីស្រោចស្រពផ្ទៃដីស្រែរបស់ពួកគាត់។
គម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោងនេះ ត្រូវបានបើកការដ្ឋានរួចរាល់ជាស្ថាពរ តាមការទទួលបានសំណូមពរពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលខ្វះខាតប្រភពទឹកប្រើប្រាស់ស្រោចស្រព ស្រែចំការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ។
ស្រះសហគមន៍១កន្លែង ប្រឡាយ០១កន្លែង និងទំនប់ទ្វារទឹកចំនួន០៦កន្លែង ស្មើនឹង០៦គម្រោង ស្ថិតនៅ៦ឃុំ ក្នុងស្រុកត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានជីកស្ដារ និងសាងសង់ក្រោមអធិបតីលោក ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រួមជាមួយលោក កេង ប៊ុនណា អភិបាលរងខេត្ត ព្រមទាំងមន្ទីរជំនាញ លោកអភិបាល-អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមបើកការដ្ឋានជួសជុសឡើងវិញ និងសាងសង់។
លើមូលដ្ឋាន នៃសក្តានុពល និងភាពអំណោយផលដែលមានស្រាប់គម្រោងខាងលើពិតជាមានសារៈសំខាន់ ជាពិសេសសមស្របសម្រាប់ បម្រើដល់ការស្រោចស្រព ពង្រីកផ្ទៃដីដាំដុះ និងបង្កើនបរិមាណផលស្រូវ និងដំណាំចំការ ផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ទំនប់ទ្វារទឹកចំនួន០៤កន្លែង ក៏ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីជាប្រយោជន៍បម្រើដល់ការស្រោចស្រព និងពង្រីកផ្ទៃដីដាំដុះសរុបប្រមាណជាង ៣, ០០០ហិកតា សំដៅលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ទំនប់ទ្វារទឹកទាំង០៤កន្លែងនោះ រួមមានទំនប់ទ្វារទឹកព្រែកវល្លិ៍ចំនួន ០១កន្លែង ស្ថិតនៅភូមិទួលកែវ ឃុំជីរោទិ៍ទី១ និងទំនប់ទ្វារទឹកបឹងក្អិត ចំនួន ០៣កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។
ក្នុងឱកាសនោះលោក ហាក់ សុខមករា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះដោយក្តីនឹក រលឹកបំផុត។
លោក ហាក់ សុខមករា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្រោយទំនប់ទ្វារទឹកនេះសាងសង់ឡើងរួច ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចំការឲ្យបាន ទិន្នផលខ្ពស់និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាពពិសេសរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ នៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋនាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ក៏ដូចជាថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន កសាងសមិទ្ធផលជាប្រយោជន៍ដល់ប្រជាកសិករថ្មីៗបន្ថែមទៀត និងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរជាបន្ត៕