(ក្រចេះ)៖ សំណុំរឿងឃាតកម្មវាយសម្លាប់កូនក្រមុំ ទើបរៀបការហើយ ដែលបណ្តាលឲ្យខាងស្រីស្លាប់ នៅស្រុកស្នួល ខេត្តក្រចេះនោះ ឥឡូវនេះកម្លាំងនគរបាលបានបំបែកសំណុំរឿងបានហើយ គឺជនដៃដល់ជាកូនកម្លោះតែម្តង ពីព្រោះខឹងប្រពន្ធរបស់ខ្លួន ដែលទើបរៀបការនេះ មិនស្មោះត្រង់ជាមួយ ពោលលួចមានសង្សាទៀតផង។
ស្នងការរងនគរបាលខេត្តក្រចេះ និងប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ អ៊ុំ ភី បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៦នេះថា «ក្រោយមានអំពើឃាតកម្មនេះកើតឡើងភ្លាម កម្លាំងនគរបាលរបស់យើងទាំងស្រុក និងប៉ុស្តិស្រែចារ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ គឺជាកូនកម្លោះ នៅរសៀលថ្ងៃទី២៧ ខែកុម្ភ: ស្ថិតនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ»។
លោកឧត្តមសេនីយ៍ អ៊ុំ ភី បានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានឈ្មោះ ឡើត ឆើត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលបានទៅវាយសម្លាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ នៅពេលពួកគេទាំង២នាក់ បានទៅងូតទឹកក្រោយផ្ទះ ពេលបញ្ចប់ថ្ងៃរៀបការហើយនោះ។
មន្រ្តីនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា តាមពិតជនដៃដល់មិនបានស្រឡាញ់ជនរងគ្រោះនោះទេ ក្រោយពួកគេបានភ្ជាប់ពាក្យហើយ ដោយសារជនរងគ្រោះមិនស្មោះត្រង់ជាមួយខ្លួន ពោលធ្លាប់មានសង្សា និងមានការទំនាក់ទំនងយ៉ាងសីុជំរៅទៀតផង។ ជនដៃដល់មិនចង់រៀបការនោះឡើយ ហើយចង់ដកខ្លួនទៀតផង តែដោយសារឪពុកម្តាយខាងស្រីបង្ខំ និងគំរាមថា បើមិនរៀបការជាមួយកូនស្រីរបស់ពួកគេទេ នឹងប្តឹងទាមទារលុយជាក់ជាមិនខានឡើយ។
ដោយសារខ្លាចឪពុកម្តាយខាងស្រីប្តឹងទាមទារលុយនោះ ទើបសុខចិត្តរៀបការទាំងមិនសប្បាយចិត្ត ហើយពេលខ្លះចង់ចងក សម្លាប់ខ្លួន តែធ្វើទៅមិនកើត រហូតប្តូរផែនការវាយសម្លាប់ជនរងគ្រោះតែម្តង ។ មន្រ្តីនគរបាលបានបញ្ជាក់ថា «ពេលនាំជនរងគ្រោះទៅងូតទឹក ហើយពេលដើរមកវិញ ជនដៃដល់ដែលដើរពីក្រោយ ក៏យកព្រនង់វាយទៅលើជនរងគ្រោះរហូតស្លាប់តែម្តង មុនពេលរត់គេចខ្លួន រហូតកម្លាំងយើងតាមចាប់ខ្លួនតែម្តង»។ ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងព្រនង់ឈើចំនួន០២កំណាត់ក្បាលពិល ធ្វើអំពីដែកចំនួន០១។
សូមបញ្ជាក់ថា មានករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់បាត់ជីវិត យ៉ាងអណោចអធ័ម ទាំងកាយអាក្រាត និងបុរសម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១១៖២០យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉ុន ស្រីញឹប ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាកូនក្រមុំ) , ទី២ឈ្មោះ ឡើក ឆើត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា បានរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល (ត្រូវជាកូនកម្លោះ)។
មុនពេលកើតហេតុ ជាថ្ងៃចូលរោង រៀបអាពាហ៍ពិពាហ៍ លុះល្ងាចឡើងកម្មវិធីចូលរោង ចប់សព្វគ្រប់នៅវេលាម៉ោងប្រហែល៩ ពីរនាក់កូនក្រមុំ និងកូនកម្លោះ បានបណ្តើគ្នាទៅងូតទឹក នៅឯអណ្តូងនៅវាលស្រែនៅខាងក្រោយផ្ទះ ក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពវាយជនរងគ្រោះ ទាំងពីរនាក់ខាងលើតែម្តង លុះដល់វេលាម៉ោងប្រមាណជាង ១១យប់ទើបក្រុមគ្រួសារបានដឹង៕