(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា ខេត្តព្រៃវែង បានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មីរហូតដល់ ១១នាក់បន្ថែមទៀត ដែលជាការឆ្លងពីគ្រូពេទ្យ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យដឹងបែបនេះតាមរយៈសារសំឡេងបន្ទាន់ និងពិសេសមួយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។ បើទោះបីប្រឈមនឹងស្ថានការធ្ងន់ធ្ងរបែបនេះក្តី តែសម្តេចតេជោ មិនបានដាក់បទបញ្ជាឱ្យបិទសាលារៀន ឬទីតាំងប្រមូលផ្តុំមនុស្សណាមួយនោះទេ ដោយសម្តេចទុកលទ្ធភាពឱ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់ចែងលើការងារទាំងនេះ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេស និងបន្ទាន់មួយ បន្ទាប់ពីឃើញការឆ្លងរីករាលដាលជំងឺកូវីដ១៩ មានសភាពស្រួចស្រាវ។ គិតត្រឹមយប់នេះរកឃើញអ្នកវិជ្ជមានថ្មីរហូតដល់ទៅ ៤៩នាក់ នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងព្រៃវែង។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីរាំងខ្ទប់ការចម្លង និងការរីករាលដាល៕