(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្ត មន្ត្រីពេទ្យ និងជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក នៅមណ្ឌលកម្ពុជា កូរ៉េ ស្ថិតនៅផ្លូវលេខ៤៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្ត របស់ខ្លួនវិញរួចមក នៅក្នុងថ្ងៃនេះមានរថយន្តកងយោធពលខេមរភូមិន្ទ បានធ្វើការដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសថៃ ប៉ៃលិន,បាត់ដំបង,បន្ទាយមានជ័យ,ឧត្តរមានជ័យ បញ្ជូនទៅតាមបណ្ដាខេត្តនានាផងដែរ។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ថ្ងៃនេះក៏បានទទួលពលករចំនួន ៩៨ នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក។
អភិបាលខេត្តបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំង បីប្រភេទ និងប្រជាពលរដ្ឋដែលទទួលបានទីតាំងធ្វើចត្តាឡីស័កដ៏សមរម្យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងយោធពលខេមរភូមិន្ទគឺជាកម្លាំងជួរមុខនៅក្នុងការចូលរួមជួយកិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ជារៀងរហូតមក មិនតែប៉ុណ្ណោះ ថ្ងៃនេះទៀត ក៏បានចូលរួមដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺរបស់យើងថែមទៀត។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ដើម្បីសុខុមាលភាពក្រុមគ្រួសារ បងប្អូន ប្រជាជនទូទៅ បងប្អូនដាច់ខាតត្រូវធ្វើចត្តាឡីស័ក និងគោរពឲ្យបាននូវវិធានការរបស់ ក្រសួងសុខាភិបាល មិនត្រូវចាកចេញដោយគ្មានការអនុញ្ញាតដាច់ខាត ទាំងនេះដើម្បីសុខដុមរម្យនាក្នុងសង្គមជាតិ ក្នុងគ្រួសារ ក្នុងបរិបទរីករាលដាលនៃ ជម្ងឺកូវីដ-១៩ ជាសកល៕