(ភ្នំពេញ)៖ ក្រុមហ៊ុន The River Premium Development នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រកាស លក់ជាផ្លូវការនូវហាងលក់ទំនិញ និងអគារការិយាល័យក្នុងគម្រោងទី១នៃ Center City Ta Khmao ។
គម្រោងដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវមាត់ទន្លេផ្លូវលេខ១០៧,១០៨,២០៩ និង២១០នេះ មានទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក។
គម្រោង Center City Ta Khmao បានត្រូវអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនវិនិយោគមកពីប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់គម្រោង The Riverside Group នៅប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Tang Kung Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខ គេនៅកម្ពុជា ក្នុងរយៈ ពេលជាង២០ឆ្នាំកន្លងមកនេះ ក្នុងការទិញលក់អចលនទ្រព្យ និងជាម្ចាស់គម្រោងអភិវឌ្ឍមួយចំនួនដូចជាបុរីពេជ្រ, បុរី River Town និងគម្រោង Center City Ta Khmao។
ក្នុងសន្និសីទពត៌មានកាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន The River បានថ្លែងថា Center City Ta Khmao គឺជាគម្រោងអភិវឌ្ឍដ៍ធំដែលស្ថិតនៅចំកណ្តាលបេះដូងនៃក្រុងតាខ្មៅលើផ្ទៃដីទំហំ១៥,៤៦៣ម៉ែត្រការ៉េ ហើយគម្រោងនេះ មានអគារភ្លោះដ៏ធំកម្ពស់២៧ជាន់ ដែលក្នុងនោះរួមមានហាងលក់ទំនិញចំនួន៦០ល្វែង អគារការិយាល័យ៨ល្វែង ផ្សារទំនើប និងអគារស្នាក់នៅរួមចំនួន៤៨៤យូនីត។
លោកអគ្គនាយក បានបន្តថាគម្រោង Center City Ta Khmao នឹងក្លាយជាកន្លែងស្នាក់នៅដ៏ទំនើប ស៊ីវីល័យ មានផាសុកភាពនិងសុវត្ថិភាពល្អ។គម្រោងនឹងត្រូវបានសាងសង់ដោយផ្តោតជាសំខាន់ទៅលើគុណភាពសំណង់ ជាមួយរចនាបថទាក់ទាញកម្រិតស្តង់ដារអន្តរជាតិ។
លោកឧកញ៉ា តាំង គួង បានបញ្ជាក់ថាមុននឹងសម្រេចចិត្តយកទីក្រុងតាខ្មៅ ដើម្បីអភិវឌ្ឍគម្រោងCenter City Ta Khmao ក្រុមហ៊ុនបានសិក្សាទៅលើសក្តានុពល និងលក្ខណៈពិសេសជាច្រើនដូចជា ស្ថិតនៅតាមបណ្តោយទន្លេបាសាក់ ដែលជាតំបន់មានខ្យល់អាកាសបរិសុទ្ធនិងបរិស្ថានល្អ មានស្ថានភាពដីខ្ពស់មិនលិចទឹក ជាតំបន់មានសកម្មភាពពាណិជ្ជកម្មដ៏រស់រវើក និងមានចំងាយត្រឹមតែ៦គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស។
ម្យ៉ាងទៀត វិស័យហេដ្ឋារចនាសម្ព័ន្ធក្រុងតាខ្មៅ សំណង់ផ្ទះល្វែង មិនទាន់មានការសាងសង់ជាលក្ខណៈវិនិយោគនៅឡើយទេ គឺមានត្រឹមតែការសាងសង់រស់នៅជាលក្ខណៈ គ្រួសារប៉ុណ្ណោះ។
លោក ជាវ តាយ អភិបាលរងខេត្តកណ្តាល បានថ្លែង ថាការសម្រេចវិនិយោគសាងសង់សំណង់របស់គម្រោង Center City Ta Khmao គឺជាជម្រើសមួយដ៍ត្រឹមត្រូវប្រកបដោយទស្សនៈវិស័យ សេដ្ឋកិច្ចវែងឆ្ងាយសម្រាប់ជោគជ័យនៃមុខរបរ។ លោកយល់ឃើញថាការវិនិយោគនេះ បានចូលរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើនរបស់ក្រុងនិងខេត្តផងដែរ។ តំណាងក្រុមហ៊ុនវិនិយោគរបស់ម៉ាឡេស៊ី បានឱ្យដឹងថាគម្រោងរួមគ្នា Center City Ta Khmao មានទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ដែលពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពរឹងមាំប្រកបដោយភាពល្អឥតខ្ចោះ៕