(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះ បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន គ្រប់ពេលវេលា ព្រោះគ្រោះថ្នាក់ចរាចរណ៍ អាចកើតឡើងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ចេះយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក រួមទាំងយកអាសារគ្នាទៅវិញទៅមក ពេលមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook សម្តេចយ៉ាងដូច្នេះថា៖
នៅចុងសប្តាហ៌ថ្ងៃអាទិត្យនេះ សូមប្រជាពលរដ្ឋបើកបរគោរពច្បាប់ រួមទាំងរថយន្តដឹកអ្នកដំណើរ រថយន្តសណ្តាងដឹកទំនិញតូចធំ ម៉ូតូនិងរថយន្តកែឆ្នៃគ្រប់ប្រភេទ ជាពិសេសរថយន្តប្រចាំការដ្ឋាន សំណង់ដែលដឹកសំភារៈសំណង់ធំៗនៅក្នុងទីក្រុង ត្រូវបើកបរគោរពច្បាប់ ហើយដឹកសំភារៈចងរិតអោយមានរបៀប និងសុវត្ថិភាពទៅតាមកម្រិតចំនួនតោនដឹកជញ្ជូន ចៀសវាងធ្លាក់ពាសពេញផ្លូវ បង្កគ្រោះថ្នាក់ បំផ្លាញអនាម័យសោភ័ណភាពទីក្រុង និងផ្លូវថ្នល់។ ចំពោះពលរដ្ឋដែលកំពុងធ្វើដំណើរ ពីភ្នំពេញទៅកាន់តាមបណ្តាខេត្ត និងទៅតំបន់រមណីយដ្ឋានានា ឬពីខេត្តមកភ្នំពេញ សូមបើកបរដោយប្រុងប្រយ័ត្នគ្រប់ពេល។ ផ្លូវស្ពានកាន់តែល្អ គឺត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៌អាចកើតឡើងមួយប៉ព្រិចភ្នែក !
រថយន្តតូចធំហាមបើកវ៉ាប្រជែងលើស្ពាន លើផ្លូវកោង ផ្លូវចង្អៀត ជាពិសេសផ្លូវដែលមានសហគមន៌អ៊ូរអរ និងកុមារឆ្លងកាត់ច្រើន។ សូមបន្ថយល្បឿនតាមកំណត់ ហើយបើកបរត្រូវមានការអធ្យាស្រ័យយោគយល់អោយគ្នាទៅវិញទៅមក ព្រោះពេលនេះគឺមានតែច្បាប់ទេសម្រាប់អាងទាំងអស់គ្នា។
សូមពលរដ្ឋចេះជួយយកអាសារគ្នា ទៅវិញទៅមកពេលមានគ្រោះថ្នាក់ចរាចារណ៌ និង សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទូទាំងប្រទេសគ្រប់ៗគ្នានៅថ្ងៃអាទិត្យនេះ!