(ភ្នំពេញ)៖ ទិវានារីអន្តរជាតិ តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ។ ទិវានារីអន្តរជាតិ កើតចេញពីការក្រោកឈរឡើងរបស់ស្រ្តីប្រឆាំងនឹងការរំលោភបំពានទៅលើលក្ខខណ្ឌការងាររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកនាចុងសតវត្សរ៍ទី១៩។
មនុស្សភាគច្រើនយល់ឃើញថា ស្រ្តី គឺជាភេទទន់ខ្សោយ ហើយគ្មានកម្លាំងស្មើនឹងបុរស។ នៅក្នុងប្រទេសកម្ពុជា តាមរយៈប្រពៃណីទំនៀមទំលាប់ពីបុរាណមក ស្រ្តី ត្រូវបានអប់រំឲ្យធ្វើជាមេផ្ទះ គោរពប្រណិប័តន៍ប្តី និងឪពុកម្តាយ ព្រមទាំងមើលថែរក្សាកូនៗនៅក្នុងផ្ទះ។ ជាទូទៅ ស្រ្តី ត្រូវបានចាត់ទុកថាជាមនុស្សដែលមានអត្តចរិតទន់ភ្លន់ សុភាពរាបសា ព្រមទាំងមានចិត្តអំណត់ខ្ពស់។ ប៉ុន្តែប្រសិនបើយើងក្រឡេកមើលទៅតាមស្ថានភាពជាក់ស្តែង ស្រ្តី គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយក៏មានភាពរឹងមាំជាយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
នៅក្នុងរបបខ្មែរក្រហម ស្រ្តីនិងក្មេងស្រី គឺជាកម្លាំងមួយដ៏សំខាន់ដែលបានជួយជ្រោមជ្រែងដល់ក្រុមកុម្មុយនីស្តខ្មែរក្រហមឲ្យឡើងកាន់កាប់អំណាច និងគ្រប់គ្រងប្រទេសកម្ពុជា ដែលហៅថារបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម នៅរវាងឆ្នាំ១៩៧៥ដល់១៩៧៩។ នៅក្នុងរបបខ្មែរក្រហម ស្រ្តី និងក្មេងស្រី បានចូលរួមចំណែកនៅក្នុងការជួយបំពេញកិច្ចការងារនានាដល់ក្រុមខ្មែរក្រហមរួមមាន ធ្វើជាគ្រូពេទ្យ ក្រុមឃោសនាកេណ្ឌកម្លាំងទ័ពយុវជន អ្នកផ្គត់ផ្គង់អាហារ អ្នកគ្រប់គ្រងនៅតាមតំបន់ និងការដឹកជញ្ជូនអាវុធដល់កងទ័ពខ្មែរក្រហមក្នុងពេលធ្វើសង្រ្គាម។
អំឡុងពេលត្រឹមតែ៣ឆ្នាំ៨ខែនិង២០ថ្ងៃ របបខ្មែរក្រហម បានបំផ្លិចបំផ្លាញប្រទេសកម្ពុជាស្ទើរតែគ្រប់វិស័យទាំងអស់។ ខ្មែរក្រហម បានសម្លាប់ប្រជាជនប្រមាណ២លាននាក់ និងបន្សល់ទុកប្រជាជនប្រមាណ៥លាននាក់ ដែលភាគច្រើនគឺជាស្រ្តី។ ចាប់តាំងពីពេលនោះមក ទាំងស្រ្តី និងក្មេងស្រី បានទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំងទាំងជីវភាពរស់នៅ និងបញ្ហាផ្លូវចិត្ត ដែលកើតមានឡើងដោយសារតែការបែកបាក់ និងព្រាត់ប្រាស់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ រឿងរ៉ាវទាំងអស់នេះ បានផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រ្តីទៅហើយ ប៉ុន្តែស្របពេលនោះ ស្រ្តី មានកាតព្វកិច្ចប្រឈមមុខតស៊ូជម្នះទៅលើការកសាងប្រទេសកម្ពុជាឡើងវិញបន្ថែមទៀត។ ស្រ្តី បានតស៊ូប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីស្រោចស្រង់ប្រទេសកម្ពុជា ថែមទាំងបាននាំយកនូវស្នាមញញឹម និងសុភមង្គលត្រឡប់មកជូនដល់ប្រជាជនកម្ពុជាវិញ។
រហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញថា ស្រ្តី នៅតែជាកម្លាំងចលករមួយយ៉ាងសំខាន់ដែលបានចូលរួមគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ស្រ្តី គឺមិនមែនគ្រាន់តែជាជំហរនិងជាទីពឹងរបស់ក្រុមគ្រួសារតែប៉ុណ្ណោះនោះទេ ប៉ុន្តែស្រ្តី ក៏បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងសកម្មដូចបុរសដែរ។
ទោះបីជាយ៉ាងនេះក្តី ការយល់ឃើញចំពោះស្រ្តី គឺមិនបានធ្វើឡើងទៅតាមស្ថានភាពដែលបានកើតឡើងនោះទេ។ ភាគច្រើន ស្រ្តី ត្រូវបានបកស្រាយនៅក្នុងន័យទន់ខ្សោយ ថែមទាំងត្រូវការការជួយជ្រោមជ្រែងនិងយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនទៅវិញ។
មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីរាំរបាំបុរាណដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» នៅក្នុងបណ្ណាល័យសម្តេចម៉ែ ដើម្បីអបអរទិវានារីអន្តរជាតិនាថ្ងៃ៨ ខែមីនា ឆ្នាំ២០២១។ «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» គឺជារឿងរ៉ាវស្នេហារបស់ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចឪ និងសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ ដែលមានរយៈពេលជាច្រើនឆ្នាំមកហើយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានអញ្ជើញឯកអគ្គរាជទូតស្រ្តី និងភរិយារបស់ឯកអគ្គរាជទូតប្រចាំនៅក្នុងប្រទេសកម្ពុជា ព្រមទាំងសិល្បៈករ និងបុគ្គលិកស្រ្តីរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមទស្សនាការរាំរបាំបុរាណដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» និងអបអរទិវានារីអន្តរជាតិនៅក្នុងបណ្ណាល័យសម្តេចម៉ែ។
ជ្រិន ជ័យស័ក្តិ ភេទប្រុស អាយុ២៣ គឺជាវិចិត្រករ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឯកទេសស្ថាបត្យកម្ម។ ជ័យស័ក្តិ មានស្រុកកំណើតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជ័យស័ក្តិ គឺជាវិចិត្រករម្នាក់ដែលនឹងចូលរួមគូររូបការរាំរបាំបុរាណ ដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» នៅក្នុងបណ្ណាល័យសម្តេចម៉ែនាថ្ងៃប្រារព្ធពិធីអបអរទិវានារីអន្តរជាតិ។
ជ័យស័ក្តិ បានចែករំលែកអំពីការយល់ឃើញរបស់ខ្លួនចំពោះទិវានារីអន្តរជាតិថា៖ «ខ្ញុំធ្លាប់ឮអំពី ទិវានារីអន្តរជាតិ ជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំយល់ឃើញថា សព្វថ្ងៃនេះ ស្រ្តីនិងបុរស ទទួលបានសិទ្ធសេរីភាពស្មើៗគ្នា។ ស្រ្តី ជាច្រើនបានចូលរួមចំណែកនៅក្នុងកិច្ចការងារសង្គមនិងទទួលបានឱកាសដូចបុរស។ នៅក្នុងសង្គមខ្មែរ បុរស ភាគច្រើនមានឱកាសច្រើនជាងស្រ្តី ព្រោះដោយសារតែវប្បធម៌និងប្រពៃណីរបស់ខ្មែរយើងពីមុនមក។ កាលពីមុន ស្រ្តីភាគច្រើន មិនបានទទួលការអប់រំបានជ្រៅជ្រះនោះទេ ព្រោះស្រ្តីមានកាតព្វកិច្ចក្នុងការមើលថែរក្សាផ្ទះ និងកូនៗ។ ទាំងអស់នេះ គឺជាឧបសគ្គមួយសម្រាប់ស្រ្តី ហើយខ្ញុំគិតថានៅពេលនោះ ស្រ្តី ក៏មិនចង់រស់នៅក្នុងស្ថានភាពដូច្នោះដែរ។ រហូតមកដល់បច្ចុប្បន្ននេះ វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនជាងមុន ដែលនេះគឺជាឱកាសមួយធ្វើឲ្យស្រ្តីអាចយល់ដឹងបានច្រើនអំពីសិទ្ធនិងកាតព្វកិច្ចរបស់ខ្លួននៅក្នុងសង្គម។ សម្រាប់ខ្ញុំ ស្រ្តី ចាញ់បុរសត្រឹមតែកម្លាំងកាយប៉ុណ្ណោះ ព្រោះនេះគឺធម្មជាតិជាអ្នកបង្កើតមក ប៉ុន្តែចំពោះការតស៊ូនិងការសិក្សារៀនសូត្រវិញ ស្រ្តីគឺមិនអន់ជាងបុរសនោះទេ។ ខ្ញុំធ្លាប់ធ្វើការងារដែលមានស្រ្តីជាប្រធានក្រុមរបស់ខ្ញុំ ហើយខ្ញុំក៏ធ្លាប់ត្រូវបានស្រ្តីស្តីបន្ទោសឲ្យនៅពេលដែលខ្ញុំនិយាយលេងសើចជ្រុលហួសហេតុចំពោះគាត់។ សកម្មភាពទាំងអស់នេះ បានបង្ហាញថា ស្រ្តី ក៏មានសមត្ថភាពនៅក្នុងការដឹកនាំនិងមិនខ្លបខ្លាចក្នុងការតវ៉ានោះទេ»។
«ខ្ញុំសង្ឃឹមថា ការប្រារព្ធពិធីអបអរទិវានារីអន្តរជាតិ ដែលមានការជួបជុំគ្នារវាងស្រ្តីដែលជាអ្នកដឹកនាំ នៅក្នុងបរិវេណបណ្ណាល័យសម្តេចម៉ែនេះ នឹងអាចជួយបង្ហាញអំពីសក្តានុពលរបស់ស្រ្តីទាំងអស់។ ខ្ញុំ ក៏រំពឹងទុកដែរថា រូបគំនូររបស់ខ្ញុំអំពីការរាំរបាំបុរាណ ដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» នៅក្នុងកម្មវិធីនេះ នឹងចូលរួមចំណែកអបអរដល់ស្រ្តីទាំងអស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងស្រ្តីផ្សេងៗទៀតលើសកលលោក»។
ពេជ្រ ពិនិត្យ ភេទប្រុស អាយុ ២៦គឺជាអ្នកលេងភ្លេងបុរាណម្នាក់។ ពិនិត្យ មានស្រុកកំណើតនៅក្នុងខេត្តកណ្តាល។
ពិនិត្យ បានចែករំលែកការយល់ឃើញរបស់គាត់ចំពោះទិវានារីអន្តជាតិថា៖ «ខ្ញុំធ្លាប់ឮអំពីទិវានារីអន្តរជាតិនេះតាំងតែពីខ្ញុំរៀននៅអនុវិទ្យាល័យមកម្លេះ។ ខ្ញុំគិតថា ការប្រារព្ធទិវានារីអន្តរជាតិនេះឡើង គឺដើម្បីលុបបំបាត់ការរើសអើងនិងការរំលោភបំពានផ្សេងៗទៅលើស្រ្តី។ ខ្ញុំគាំទ្រឲ្យមានការប្រារព្ធពិធីទិវានារីអន្តរជាតិនេះ ឡើងជារៀងរាល់ឆ្នាំ ព្រោះស្រ្តីភាគច្រើនបានទទួលរងការរំលោភបំពានជាងបុរស។ ខ្ញុំគិតថាស្រ្តីមិនទន់ខ្សោយនោះទេ ព្រោះស្រ្តីបានបង្ហាញអំពីភាពខ្លាំងរបស់ខ្លួនតាមរយៈការដោះស្រាយបញ្ហានិងការហ៊ានប្រឈមមុខចំពោះអំពើដែលរំលោភបំពានដល់ខ្លួន។ ខ្ញុំសង្ឃឹមថា ការចូលរួមលេងភ្លេងរបស់ខ្ញុំសម្រាប់ការរាំរបាំបុរាណ ដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» ក្នុងកម្មវិធីអបអរទិវានារីអន្តរជាតិនៅក្នុងបណ្ណាល័យសម្តេចម៉ែ នឹងអាចជួយរំឭកអំពីគុណតម្លៃរបស់ស្រ្តី ដែលមនុស្សមួយចំនួនតែងតែមើលរំលង»៕
សិល្បៈការិនីហាត់សមសម្តែងរបាំ នៅបណ្ណាល័យសម្តេចម៉ែ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)