(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ថវិកា ២០០លានរៀនជូនខេត្តបន្ទាយមានជ័យ ព្រមទាំងផ្តល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគដល់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការហូបចុករបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
យោងតាមតារាងផ្តល់សម្ភារៈ និងឃីត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបានឱ្យដឹងថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៦ ខែមីនា សម្តេចតេជោ ហ៊ុន សែន ផ្តល់ឃីតសរុប ៥៦,១០០ ទឹកបរិសុទ្ធ ៦៨,០០០កេស និងមីកញ្ចប់ ២៩,២០០កេស។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការផ្តល់ថវិកា ឃីត និងគ្រឿងឧបភោគ បរិភោគទាំងនេះ ដើម្បីដោះស្រាយតម្រូវការរបស់ពលករត្រឡប់ពីថៃ ដែលតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមព្រំដែន ក៏ដូចជារង់ចាំដឹកជញ្ជូនទៅតាមខេត្តរៀងៗខ្លួន។
ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។
គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ។
ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃមានចំនួនកាន់តែច្រើននោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងកងទ័ពឱ្យដឹកពលករដែលពិនិត្យថា សុខភាពល្អប្រសើរមិនប្រឈមការកើតកូវីដ១៩នោះ ទៅធ្វើចត្តាឡីស័កនៅតាមខេត្តជាស្រុកកំណើតរបស់ពួកគេ។ ការធ្វើបែបនេះ ដើម្បីសម្រាយលស្ថានការណ៍នៅតាមខេត្តជាប់ព្រំដែនថៃ៕