(ភ្នំពេញ)៖ ដើម្បីចូលរួមប្រកួតប្រជែងទីក្រុងស្អាត សាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានប្រារព្ធទិវាទីក្រុងស្អាត ដោយបានដើររើសសំរាម នៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីនិងក្បែរផ្សារស៊ិនជូរីផ្លាហ្សា ដែលជាគំរូ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ពីសារៈសំខាន់ នៃទីក្រុងស្អាត ហើយឲ្យពួកគាត់ចូលរួមទាំងអស់គ្នាផងដែរ។
ពិធីនេះបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានការចូលរួមពីមន្ត្រីជុំវិញការិយាល័យខណ្ឌ ព្រះសង្ឃ យុវជន កងរាជអាវុធហត្ថខណ្ឌ និងនគរបាលខណ្ឌផងដែរ ។
លោក ហែម ដារិទ្ធិ បានថ្លែងថា ដើម្បីចូលរួមប្រកួតប្រជែងទីក្រុងស្អាត ឲ្យទទួលបានជ័យលាភីលេខ១នោះ លុះត្រាតែមានការចូលរួមពីបងប្អូនទាំងអស់ ហើយបងប្អូនត្រូវចេះទុកដាក់សំរាម បែងចែកសំរាមស្ងួតនិងសើម ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុនប្រមូលសំរាម។
លោកបានបន្តថា «ប្រទេសយើងជាប្រទេស ដែលភ្ញៀវទេសចរចេញចូលឥតឈប់ ដូច្នេះដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យកាន់តែមកកំសាន្ត នៅប្រទេសយើងកាន់តែច្រើនថែមទៀតនោះ គប្បីយើងទាំងអស់គ្នាចូលរួមប្រែក្លាយទីក្រុង ទាំងមូលឲ្យក្លាយជាទីក្រុងគ្មានសំរាម បើទីក្រុងស្អាតកំណើនភ្ញៀវទេសចរ និងកើនជាមិនខាន ធ្វើឲ្យបងប្អូនយើងមានការងារ ធ្វើច្រើនជីវភាពកាន់តែរីកចំរើន»។
លោកបានបន្តថា ចំពោះខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមានព្រលានយន្តហោះអន្តរជាតិ ដូច្នេះហើយ យើងត្រូវតែចូលរួមសំអាតបរិស្ថានអនាម័យ ព្រោះទីក្រុងស្អាតមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ គឺអាចបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋផងដែរ ម្យ៉ាងវិញទៀតការរស់នៅស្អាត ធ្វើឲ្យសុខភាពយើងរ៉ឹងមាំ ដូច្នេះទីក្រុងស្អាតនេះលោកយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនិងខិតខំដើម្បីចូល រួមប្រកួតប្រជែងទីក្រុងស្អាត នៅពេលខាងមុខធ្វើយ៉ាងណាឲ្យ ខណ្ឌពោធិ៍សែនជ័យទទួលជ័យលាភីល្អ ដើម្បីមុខមាតសាលាខណ្ឌនិងប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូលផងដែរ៕