(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរាត្រីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីមួយចំនួន ចុះទៅពិនិត្យមើលការតុបតែង លំអរ នៅរមនីយដ្ឋានវត្តភ្នំ ដោយធ្វើការពិនិត្យភ្លើងបំភ្លឺ ដែលសាកល្បងក្នុងការបំភ្លឺវត្តភ្នំ មុននឹងឈានទៅបំភ្លឺទីតាំងសំខាន់ៗផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ឲ្យទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត។

រមនីយដ្ឋានវត្តភ្នំ ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្នុងទឹកដីខណ្ឌដូនពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការកែលំអរតុបតែង និងរៀបចំកាន់តែមានភាពប្រសើរឡើង និងការទាក់ទាញ សម្រាប់ទីសក្ការ:បូជា ក៏ដូចជាគយគន់ទស្សនាកំសាន្តរបស់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណ:។

នៅរាត្រីនេះ ការដាក់ភ្លើងបំភ្លឺចែងចាំង នៅទីកន្លែងកំសាន្តមួយនេះ គឺជាការចូលរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសក្រុមភ្ញៀវទេសចរ អន្តរជាតិដែលតែងតែដើរ ដោយថ្មើរជើងនោះ៕