(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា អាជ្ញាធរបានរកឃើញករណីវិជ្ជមានកូវីដ១៩ លើស្ត្រីម្នាក់មានឈ្មោះ ឡេង មីងហួយ អាយុ ១៦ឆ្នាំ រស់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក នាថ្ងៃទី០៦ ខែមីនា ម្សិលមិញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ រដ្ឋបាលខេត្តបានចាត់តាំងក្រុមការងារចុះស្រាវជ្រាវអំពីគោលដៅនៃការដំណើររបស់ស្ត្រីខាងលើ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធដូចខាងក្រោម៖

* នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បុគ្គលនេះចេញដំណើរម៉ោង ៧ រសៀល តាមរយៈរថយន្តក្រុមហ៊ុន ចាន់ ម៉ូលី (Night Bus) នៅបេនឡានមហោស្រព ដោយមានអ្នករួមដំណើរជាមួយប្រមាណ ២០នាក់ រួចបន្តមកផ្ទះដោយពុំមានឈប់នៅត្រង់កន្លែងណាទេ ដោយបន្តដំណើររហូតដល់ផ្សាររំលង ស្រុកតាំងគោក តែម្តង។

* ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានជួយជុំជាមួយតែម្តាយឈ្មោះ អ៊ា ឃុំ អាយុ ៣៧ឆ្នាំ និងបងប្រុសឈ្មោះ ឡេង រ៉េត អាយុ ១៩ឆ្នាំ។

* ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរទៅសួរសុខទុកជីតានៅផ្ទះ និងអ្នកជុំវិញផ្ទះនោះ។

* ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ចូលរួមបុណ្យសពជីតា (ដែលបានស្លាប់) ដែលមានអ្នកចូលរួមប្រមាណជិត ៥០នាក់។

* ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ចូលរួមដង្ហែសពជីតាទៅកាន់វត្តគីរីអណ្តែត ដែលមានអ្នកភូមិចូលរួមប្រមាណជិត ៥០នាក់។

ក្រោយពីទទួលបានលទ្ធផលនៃការស្រាវជ្រាវ គិតមកត្រឹមពេលនេះ រដ្ឋបាលខេត្តបានយកសំណាកអ្នកដែលប៉ះពាល់ដោយផ្ទាល់ចំនួន ២៥នាក់ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាគិរីអណ្ដែត។ ចំណែកអ្នកប៉ះពាល់ដោយប្រយោលតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការគ្រប់គ្រង និងឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាន។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តបានអំពាវនាវប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធនឹងបុគ្គលនេះ គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ជំនាញមានសមត្ថកិច្ច ដើម្បីទៅពិនិត្យសុខភាព យកសំណាក និងធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាគិរីអណ្តែត ភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ឲ្យបានឆាប់បំផុត ប្រសិនបើមានរោគសញ្ញា ដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ហៀសំបោរ ឬរោគសញ្ញាស្រដៀង។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញាទាំងនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅផ្ទះដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធនេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍៕