(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់រស់នៅខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកតាមបណ្តាញសង្គម។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រោមការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។
សូមបញ្ជាក់ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តរតនគិរី។
ជនសង្ស័យឈ្មោះ ហូ ង៉ុកណាម ហៅ វីង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់តាមអនឡាញ មានទីលំនៅស្នាក់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយពីសាកសួរ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលនិយមទិញសុីមកាតទូរស័ព្ទលេខពិសេសតាមអនឡាញ មេត្តាពិនិត្យលើប្រភពនៃទំនិញ និងម្ចាស់គណនី/ទំព័រហ្វេសប៊ុកឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ចៀសវាងនូវការបោកប្រាស់ពីជនខិលខូច ដូចករណីខាងលើនេះ។