(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទ១១០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាស្ត្រីអ្នកនាំពាក្យដ៏លេចធ្លោរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមីនានេះ បានរៀបរៀងនូវអត្ថបទមួយដែលដាក់ចំណងជើងថា «៣ការពារ ៣កុំ» នៅក្នុងតួនាទីរបស់ស្ត្រីនៃបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលរំលេចពីវីរភាព និងតួនាទីរបស់ស្ត្រីក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩៕ សូមអានអត្ថបទរបស់លោកស្រី ឱ វណ្ណឌីន ទាំងស្រុងដូចខាងក្រោម៖

 

“៣ការពារ និង ៣កុំ” នៅក្នុងតួនាទីរបស់ស្ត្រី នៃបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩

អត្ថបទសរសេរដោយ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ចូលរួមអបអរសាទរ “ទិវានារីអន្តរជាតិ ៨ មីនា” 

តាំងពីប្រវត្តិកាលនៃការកកើតមនុស្សមក យើងសង្កេតឃើញថា តាមលក្ខណធម្មជាតិ មានការបែងចែកភេទស្រី-ប្រុសរួចទៅហើយ ដែលការបែងចែកនេះតាមការវិវត្តន៍នៃ ការរស់នៅ របស់មនុស្សនៅលើសកលលោកនេះ ជាបណ្តើរៗ បានបង្កើតឱ្យមានវិសមភាពយិនឌ័រ រួចស្រេចបាត់ទៅហើយ រហូតដល់មានការទាមទារឱ្យមានការគោរពសិទ្ធិនារី និងការយកចិត្តទុកដាក់នូវតួនាទី ព្រមទាំងការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចការនានា ដែលរួមចំណែកនៅក្នុងការអភិវឌ្ឈសង្គមជាតិ។

ឈរលើមូលដ្ឋាននៃការគោរពសិទ្ធិនារី និងជាបន្តិចម្តងៗ មានការទទួលស្គាល់សមត្ថភាព ព្រមទាំងការរស់នៅជាក់ស្តែងដែលបានឆ្លុះបញ្ចាំង ពីសារសំខាន់នៃការចូលរួមរបស់ស្ត្រីផងដែរនោះ ការយកចិត្តទុកដាក់លើស្ត្រីនៅតាមបណ្តាប្រទេសនៅលើសកលលោកយើងនេះ ក៏ចាប់ផ្តើមជាបណ្តើរៗ ដែលអនុញ្ញាតឱ្យស្ត្រី បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការសង្គម។

ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ត្រីនៅកម្ពុជា បាននិងកំពុងតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវចំពោះមុខនៃការទប់ស្កាត់ ការចម្លងជំងឺដ៏កាចសាហាវនេះ សម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងសម្រាប់សហគមន៍ផង។

១. សម្រាប់ខ្លួនឯង៖ ស្ត្រី មានបន្ទុកធ្ងន់ធ្ងរនៅក្នុងគ្រួសារ ដែលជាទូទៅ ត្រូវបានគេហៅថា “មេផ្ទះ” ។ ពាក្យថា “មេ” នេះ គឺមានន័យគ្រប់គ្រាន់បង្ហាញថា ស្ត្រី ជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រងផ្ទាល់លើស្ថានភាពរស់នៅ និងសុខភាពរបស់ក្រុមគ្រួសារខ្លួន។ ប្រសិនបើ ស្ត្រី មិនអាចការពារខ្លួនបានល្អពីជំងឺដង្កាត់ ជាពិសេសប្រសិនបើធ្លាក់ខ្លួនមានជំងឺកូវីដ-១៩ នោះ ស្ថានភាពគ្រួសាររបស់គាត់ ហាក់ដូចជាត្រូវបាត់បង់នូវបង្គោលដឹកនាំ និងអ្នកមើលការខុសត្រូវលើសមាជិកគ្រួសារ ដែលពេលខ្លះ អាចឈានទៅរកភាពរញ៉េរញ៉ៃនៅក្នុងគ្រួសារ ហើយប្រសិនបើស្ត្រីរូបនោះ ត្រូវបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នេះទៀត នឹងរិតតែធ្វើឱ្យសមាជិកគ្រួសារគាត់ បាត់បង់នូវសរសរេទ្រូងដ៏រឹងមាំមួយ អាចឈានដល់ភាពក្រីក្រ ដែលខ្មែរយើងមានពាក្យស្លោកពីបុរមបុរាណដែរថា “សូវបាត់បារ កុំឱ្យបាត់មេ” ដែលពាក្យស្លោកនេះ បានឆ្លុះបញ្ចាំងរួចទៅហើយ នូវតួនាទីរបស់ស្ត្រី នៅក្នុងគ្រួសារ និងសង្គមជាតិ។ ដូច្នេះ ស្ត្រី មានភារកិច្ចធំធេងណាស់ នៅក្នុងកិច្ចការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ សម្រាប់ខ្លួនឯងផង ដើម្បីគ្រួសារខ្លួនផង និងសហគមន៍ផងដែរ។

ការអនុវត្តនូវវិធានការសុខាភិបាលរបស់ស្ត្រីនៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ គឺរិតតែតម្រូវឱ្យស្ត្រីគ្រប់រូប មានការខិតខំបន្ថែមទៀតក្នុងការណែនាំគ្រប់គ្រងដល់សមាជិកក្រុមគ្រួសារខ្លួនឱ្យបានល្អប្រសើរ ហើយសំខាន់បំផុតនោះ គឺធ្វើការអប់រំណែនាំស្វាមី កូនចៅ និងសមាជិកគ្រួសារ ធ្វើយ៉ាងណាឱ្យមានការអនុវត្តន៍ឱ្យខានតែបាននូវកិច្ច “៣ការពារ និង ៣កុំ” ដែលជាវិធានការដ៏មានប្រសិទ្ធិភាពខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា និងជាពិសេសទៅទៀតនោះ គឺគំរូវីរភាពដ៏ឧត្តុងឧត្តមរបស់ សម្តេចគិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគួរត្រូវបានរៀនសូត្រតាមដោយស្ត្រីកម្ពុជាគ្រប់រូប នូវវីរភាពលះបង់ និងរបៀបរបបនៃការរក្សាសុខភាពផ្ទាល់ខ្លួនផង និងការដឹកនាំគ្រប់គ្រងគ្រួសារបានល្អប្រសើរផង។

បន្ថែមលើនោះ ស្ត្រីមេផ្ទះទាំងឡាយ ក៏បានចូលរួមចំណែកធំធេងណាស់នៅក្នុងសង្គម នៅពេលដែលស្វាមី ឬកូន ឬក្រុមគ្រួសារណាម្នាក់ ដែលបានរត់គេចចេញពីការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ហលយទៅដល់ផ្ទះសម្បែង ដោយបានចាត់ចែងរៀបចំ មិនឱ្យមានការប៉ះពាល់គ្នា នៅដាច់ដោយឡែកពីគ្នា ឬមានការជូនព័ត៌មានដល់អាជ្ញាធរមូលដ្ឋានជាដើម។ តួនាទីមួយទៀតយ៉ាងសំខាន់របស់ស្ត្រីនៅពេលនេះ គឺការចូលរួមចំណែកបញ្ជៀសបាននូវហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ និងចៀសវាងបានពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកជំងឺដ៏កាចសាហាវកូវីដ-១៩ នោះ គឺស្ត្រីខ្លួនឯង និងការជម្រុញសមាជិកក្រុមគ្រួសារខ្លួនដែលស្ថិតនៅក្នុងអាយុទទួល ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានប្រកាសជាផ្លូវការរួចហើយ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាថ្ងៃដែល សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ក៏បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងរួចហើយដែរ។

២. សម្រាប់គ្រួសារ៖ ភាគច្រើន ស្ត្រី តែងតែគិតគូរពីគ្រួសាររបស់ខ្លួន ជាពិសេសស្វាមី កូនចៅ និងមាតាបីតានៅក្នុងបន្ទុក។ ស្ត្រី “មេផ្ទះ” ទោះជាកំពុងប្រកបរបររស៊ីទទួលទាន ឬក៏បំពេញភារកិច្ចជាមន្ត្រីរាជការ ឬស្ថិតនៅក្នុងតួនាទីជាថ្នាក់ដឹកនាំណាមួយ ក៏នៅតែមានការព្រួយបារម្ភពីការចម្លងវីរុសកូវីដ-១៩ ក្នុងចំណោមសមាជិកក្រុមគ្រួសាររបស់ខ្លួន គឺចៀសមិនផុតឡើយ។ ដូច្នេះ ស្ត្រីគ្រប់រូប សូមបន្ត និងបង្កើនការយកចិត្តទុកដាក់ ចូលរួមថែទាំសុខភាពគ្រួសាររបស់ខ្លួន ជាពិសេស ការក្រើនរំលឹកគ្រប់ពេលវេលានូវ៖

- នៅផ្ទះ “សុខសាន្ត គ្មានការឆ្លងវីរុសកូវីដ-១៩” ប្រសិនបើមិនចាំបាច់ កុំចេញក្រៅផ្ទះ។

- មុនចេញទៅណា ត្រូវក្រើនរំលឹកសមាជិកគ្រួសារខ្លួន ឱ្យអនុវត្តន៍ខ្ជាប់ខ្ជួនវិធាន ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្តកន្លះឡើង) និងវិធាន ៣កុំ (កុំទៅកន្លែងដែលបិទជិតឈឹងគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងដែលមាមនុស្សកុះករកកកុញច្រើន និងកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នា ជាដើម)។

- សម្រាប់គ្រួសារដែលើមានសមាជិកត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ស្ត្រី ត្រូវជួយជម្រុញលើកទឹកចិត្តឱ្យក្រុមគ្រួសារខ្លួន អនុវត្តន៍វិធានការដ៏មានសារសំខាន់នេះ ឱ្យបានល្អត្រឹមត្រូវ ឧស្សហ៍សាកសួរសុខទុក្ខ និងគាំទ្រ ពន្យល់ដល់សមាជិកគ្រួសារខ្លួនក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃ កុំឱ្យមានការប្រព្រឹត្តខុសច្បាប់ ដោយការគេចវេស ឬបំពានច្បាប់ជាដើម ដែលបុគ្គលធ្វើចត្តាឡីស័ក ជាអ្នកចូលរួមចំណែកធំធេងណាស់ នៅក្នុងការកាត់ផ្តាច់ការចម្លងពីបុគ្គល ទៅក្រុមគ្រួសារ និងទៅសហគមន៍របស់ខ្លួន។ ស្ត្រី ក៏ចាំបាច់ត្រូវជួយក្រើនរំលឹកដល់ស្វាមី និងសមាជិកគ្រួសារ រាល់ពេលធ្វើដំណើរទៅណាមកណា ចាំបាច់ត្រូវមានម៉ាស់ និងអាល់កុល យកទៅតាម និងប្រើប្រាស់ជាប់ជានិច្ច ដោយកុំធ្វេសប្រហែសឡើយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ការពារពីការចម្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរដោយអត់ស្រមោល ជាពិសេសវីរុសដែលបម្លែងខ្លួនថ្មី និងមិនដឹងថានៅទីណាខ្លះនោះឡើយ។

- ស្ត្រី ដើរតួនាទីសំខាន់ នៅក្នុងការជម្រុញលើកទឹកចិត្តឱ្យសមាជិកគ្រួសាររបស់ខ្លួនយល់ដឹងពីសារសំខាន់នៃការចាក់វ់ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយកុំជឿតាមការឃោសនា ឬព័ត៌មានប្រឌិត ព័ត៌មានក្លែងបន្លំ ដែលមានចេតនាបន្ទុចបង្អាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត ដែលលទ្ធផលចុងក្រោយ គឺគ្រួសារខ្លួន នឹងមានហានិភ័យខ្ពស់នៃការចម្លងផង និងឈឺធ្ងន់ធ្ងរអាចឈានដល់ស្លាប់បាត់បង់ជីវិត ដោយសារតែការវ៉ៃលុករបស់វីរុសកូវីដ-១៩ផង។
- ចូលរួមផ្តល់ព័តមានបានទាន់ពេលវេលា ជូនដល់អជ្ញាធរមូលដ្ឋាន ប្រសិនបើឃើញថា មានជនចំណូលថ្មីនៅក្នុងភូមិ ឃុំរបស់ខ្លួន ដែលមិនបានធ្វើចត្តាឡីស័ក ឬទើបមកពីប្រទេសក្រៅ ដែលអាចជាកត្តាហានិភ័យនៃការចម្លងនៅក្នុងសហគមន័របស់ខ្លួន។

៣. សម្រាប់សហគមន៍៖ ស្ត្រីនៅក្នុងសហគមន៍និមួយៗ (ភូមិ ឃុំ) សហការគ្នា រួមសាមគ្គីគ្នា ចូលរួមទទួលខុសត្រូវរួមគ្នានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន័របស់ខ្លួន។ ជាការចាំបាច់ណាស់ ស្ត្រី អាចដើរតួនាទី ជាគំរួល្អ (Champion) ឬជាតួឯក សម្រាប់ការចូលរួមរបស់សហគមន៍នាពេលនេះ ដែលជាកត្តាមួយ ជម្រុញឱ្យមានចលនារក្សាសុខភាពសហគមន៍ផ្ទាល់ ធ្វើយ៉ាងណាឱ្យសហគមន៍របស់ខ្លួន មិនមានការផ្ទុះឡើងនូវការចម្លងវីរុសកូវីដ-១៩។ រួមគ្នាធ្វើការអប់រំសុខភាព និងចលនាអនុវត្តន៍វិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងការទៅចាក់វ៉ាក់សាំងដោយស្ម័គ្តចិត្ត នៅតាមសហគមន៍និមួយៗ ឱ្យបានគ្រប់ៗគ្រួសារ និងគ្រប់ក្រុមមនុស្សដែលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់អស់វ៉ាក់សាំងតាមការកំណត់នៅក្នុងផែនការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការរួមសាមគ្គីគ្នា ការជួយគ្នាទៅវិញទៅមកដោយការចែករំលែក និងការចូលរួមអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់នៅតាមសហគមន៍ ដោយមានការភ្ញាក់រលឹក រវៀសរវៃ ប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុនជាប់ជានិច្ចនោះ នឹងអាចនាំសហគមន៍យើងឆ្ពោះទៅរកការទប់ស្កាត់បាននូវការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពសហគមន៍យើង សុខភាពគ្រួសារយើង និងសុខភាពផ្ទាល់ខ្លួន។
បណ្តាំកូវីដ-១៩៖ នារីទាំងឡាយ សូមត្រូវចងចាំថា៖

យើងងាយភ្លេចវីរុសកូវីដ-១៩ តែវីរុសកូវីដ-១៩ មិនដែលភ្លេចយើងនោះឡើយ។ ការមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ គឺជាការមើលងាយខ្លួនឯង ដោយបានបើកលំហរដ៏ទូលាយសម្រាប់ឱកយវីរុសកូវីដ-១៩ វ៉ៃលុកចូលក្នុងសរីរាង្គយើងដោតងាយស្រួលជាទីបំផុត។

ការមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយស្ម័គ្រចិត្ត គឺជាការខ្វះខាតនូវឧបករណ៍ និងកងការពារដ៏សំខាន់មួយ សម្រាប់សរីរាង្គរបស់ខ្លួន ព្រមទាំងបង្កឱកាសល្អឱ្យមានការញាំញីធ្ងន់ធ្ងរសរីរាង្គកាយ នៅពេលដែលវីរុសកូវីដ-១៩ ចូលក្នុងខ្លួនប្រាណរបស់អ្នក ដែលអ្នកអាចឈានដល់សេចក្តីស្លាប់បាន។

ចង់យកជ័យជំនះលើវីរុសកូវីដ-១៩ សូមកុំភ្លេច រូបមន្តគណិតវិទ្យាមួយ សម្រាប់ការពារជំងឺកូវីដ-១៩ គឺ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ = មានកងការពារក្នុងខ្លួនរឹងមាំ សម្រាប់វ៉ៃបកលើវីរុសកូវីដ-១៩ វិញ កាត់បន្ថយបាននូវភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងកាត់បន្ថយបានជាអតិប្បរិមានូវអត្រាចូលសម្រាកពេទ្យ ដោយសារជំងឺកូវីដ-១៩ ដែលឈានទៅរកការវិលត្រឡប់មករកការរស់នៅជាធម្មតាតាមបែបគន្លងថ្មីវិញ ព្រមទាំងជម្រុញការបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។

ជោគជ័យ ឬបរាជ័យ លើសង្រ្គាមជាមួយសត្រូវអត់ស្រមោលវីរុសកូវីដ-១៩ នេះ គឺអាស្រ័យលើការចូលរួមយ៉ាងពិតប្រាកដ និងសស្រាក់សស្រាំពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ រួមទាំងជនបរទេស ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជូនពរដល់ស្ត្រីគ្រប់រូប សូមមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តនូវបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងសូមឱ្យស្តី្រទាំងអស់ បានចៀសផុតពីការចម្លងជំងឺដ៏កាចសាហាវនេះផងដែរ។ សូមស្ត្រីទាំងអស់ រីករាយ ថ្ងៃបុណ្យនារីអន្តរជាតិ ៨មីនា និងមានសុខសុវត្ថិភាពទាំងអស់គ្នា ដើម្បីជាកម្លាំងស្នូលដ៏រឹងមាំបស់ប្រទេសជាតិ៕