(ភ្នំពេញ)៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់នៅថ្ងៃទី២៧ ខែកុម្ភៈនេះថា ករណីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ក្រុមកីឡាករបាល់ទាត់ Cambodia All Stars ដែលប្រកួតឈ្នះក្រុមថៃ Buriram និងក្រុម Muangthong United FC កាលីពេលថ្មីនេះ មិនពាក់ព័ន្ធនឹងលោក ថោង ខុង ប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជានោះទេ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។  

លោក វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមជម្រាបជូនដល់មហាជន និងប្រិយមិត្តក្នុងបណ្តាញសង្គម FACEBOOK ​ទាំងអស់មេត្តាជ្រាបថា​ករណីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ក្រុមកីឡាបាល់ទាត់ CAMBODIA ALL STARS ដែលបានប្រកួតឈ្នះក្រុម Buriram និងក្រុម Muangthong United F.C. កាលពីថ្មីៗនេះ មិនមានជាប់ពាក់ព័ន្ធនឹង ឯកឧត្តមបណ្ឌិត ថោង ខុង ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នោះទេ។ ចំពោះករណីនេះ ឯកឧត្តមបណ្ឌិត ថោង ខុន នឹងខិតខំស្រាវជ្រាវ និងស្វែករកដំណោះស្រាយ ឲ្យបានឆាប់រហ័ស»។

ការចេញសេចក្តីប្រកាសបែបនេះ ធ្វើបន្ទាប់ពីមានការរិះគន់ពីមហាជនអំពីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ក្រុមកីឡាករបាល់ទាត់ Cambodia All Stars ដែលប្រកួតឈ្នះក្រុមថៃ Buriram និងក្រុម Muangthong United FC។

ពាក់ព័ន្ធនឹងប្រាក់រង្វាន់នេះដែរ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ហង់ ជួនណារ៉ុន តាមរយៈ Facebook បានបញ្ជាក់ថា ប្រាក់រង្វាន់នេះ គឺក្រសួងកំពុងស្នើសុំបញ្ចេញហើយ និងស្នើឲ្យកីឡាករ និងគ្រូបង្វឹករង់ចាំប្រមាណមួយ ទៅពីរសប្តាហ៍ទៀត។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ បានសម្រេចផ្តល់ប្រាក់រង្វាន់ប្រមាណ ៤៣២លានរៀល ដល់ក្រុមកីឡាករ និងគ្រូបង្វឹក Cambodia All Stars ប្រមាណ ៣៦នាក់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេបន្ទាប់ពីប្រកួតយកឈ្នះ លើក្រុម Buriram United និងក្រុម Muangthong United FC មកពីប្រទេសថៃ៕