(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចេញបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត ១គីឡូក្រាមផងដែរ។
ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចបណ្តោយផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិព្រែកកំពោង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ជនសង្ស័យម្នាក់នោះមានឈ្មោះ យ៉ន យុទ្ធ អាយុ ២៤ឆ្នាំ ចំណែកឯវត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន គឺមានសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៩៤១.៧៩ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនីតិវិធី។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបនេះដែរ គឺបានធ្វើឡើងអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕