(ពោធិ៍សាត់)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញពីការលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខេត្តនានារៀបចំតំបន់អតីតសមរភូមិឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទស្សនា និងបានយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា។
ការអំពាវនាវរបស់សម្តេចពិជ័យសេនា ត្រូវបានធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១
និងបានជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាច្រកចង្អៀតក្រពើពីរ និងទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា តេជោភ្នំស្វារអិល ក៏ដូចជាទីតាំងតំបន់ប្រវត្តិសាស្ត្រដទៃទៀតក្នុងស្រុកវាលវែង បានបន្សល់ទុកនូវដានប្រវត្តិសាស្រ្តយោធាពីអតីតកាលជាច្រើន ហើយក៏ជាទីតាំងដែលមានលក្ខណៈភូមិសាស្រ្តល្អក្នុងការផ្តល់នូវយុទ្ធសាស្រ្តការពារជាតិ បម្រើឱ្យប្រៀបលើសមរភូមិផងដែរ។
សម្តេចពិជ័យសេនាបានបន្តថា ការសម្រេចសាងសង់ទីស្នាក់ការប្រវត្តិសាស្រ្តយោធានេះឡើង គឺពិតជាបានប្រមូលផ្តុំនូវតឹកតាងប្រវត្តិសាស្រ្តនានាមកតម្កល់ទុក ដើម្បីប្រមូលផ្តុំ និងស្រាវជ្រាវគោលគំនិតសំខាន់ៗជាច្រើនទៀត សម្រាប់ចងក្រងជាឯកសាររក្សាទុកឱ្យកូនចៅជំនាន់ក្រោយបានដឹង បានយល់ និងសិក្សារៀនសូត្រ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ត្រូវគោរពបទបញ្ជាឱ្យបានម៉ឺងម៉ាត់ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីបំពេញតួនាទីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែន តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាមួយគ្នានោះ សម្តេចពិជ័យសេនាក៏បានផ្តាំផ្ញើឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនពីវិធានការ ៣កុំ ៣ការពារ កុំឱ្យមានការឆ្លងក្នុងសហគមន៍ សំខាន់ក្នុងកងអង្គភាពកងទ័ព និងកុំជឿតាមការឃោសនាអកុសលរបស់ជនអគតិមួយចំនួនអំពីបញ្ហាការចាក់វ៉ាក់សាំង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងចូលមកដល់នាពេលខាងមុខ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាននាំយកអំណោយ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងនៅទីនោះ និងជូនពរឆ្មាំថ្មីដល់នាយទាហាន ពលទាហានឱ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា និងសម្រេចបានជោគជ័យធំៗថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិមាតុភូមិ៕