(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងបាវិត បានណែនាំឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងគណបក្សសង្កាត់ទាំង៥ ត្រូវបង្កើនការផ្សារភ្ជាប់ទំនាក់ទំទងជិតស្និទ្ធជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសគឺក្រុមយុវជន។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែល លោក លី ធុជ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណបក្សក្រុងបាវិត និងសង្កាត់ទាំង៥ក្នុងក្រុងបាវិត នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ លើការងារត្រៀមសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
នាឱកាសនោះ លោក លី ធុជ ក៏បានណែនាំឱ្យមន្រ្ដីគណបក្សក្រុងបាវិត និងសង្កាត់ទាំងអស់ ដូចខាងក្រោម៖
១៖ រៀបចំបែងចែកក្រុមការងារគណបក្សចុះជួយសង្កាត់ទាំង៥ និងភូមិទាំង៣៥ ក្នុងក្រុងបាវិត។
២៖ រៀបចំធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងសមាជិកគណបក្ស ដោយបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រឱ្យបានត្រឹមត្រូវ និងឱ្យបានរួចរាល់ក្នុងខែមីនានេះ។
៣៖ បន្តចលនាមហាជនកៀរគរការគាំទ្រ និងការគោរពស្រឡាញ់គណបក្សប្រជាជនកម្ពុជាពីប្រជាពលរដ្ឋ ជាពិសេសយុវជន។
៤៖ បន្តចលនាប្រមែប្រមូលការគាំទ្រ និងការគោរពស្រឡាញ់គណបក្សប្រជាជនកម្ពុជាពីកម្មករ-កម្មការិនីរោងចក្រក្រុងបាវិត។
នាព្រឹកដដែលនេះ លោក លី ធុជ និងក្រុមការងារក៏បានជួបសំណេះសំណាល និងជម្រាបលាថ្នាក់ដឹកនាំ មន្រ្តី រដ្ឋបាលស្រុករំដួល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់អាជ្ញាធរស្រុករំដួលគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធឲ្យក្រុមការងារ នាពេលកន្លងមក បានចូលរួមក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោក លី ធុជ បានពាំនាំនូវអំណោយរបស់លោកស្រី ម៉ែន សំអន ផ្តល់ជូនរដ្ឋបាលស្រុករំដួល ទុកប្រើប្រាស់ក្នុងសកម្មភាពការងារបម្រើប្រជាពលរដ្ឋមូលដ្ឋាន រួមមានវិទ្យុទាក់ទង កុំព្យូទ័រ ម៉ាស៊ីនព្រីនពណ៌ និងថវិកាមួយចំនួន៕