(ភ្នំពេញ)៖ ដោយសារប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងរាជធានីភ្នំពេញ បានសម្រុកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលធ្វើឱ្យបាត់បង់គម្លាតសុវត្ថិភាព ទើបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំទៅកាន់អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅឱ្យបានច្បាស់លាស់ ដើម្បីរៀបចំឱ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងប្រកបដោយសណ្ដាប់ធ្នាប់ត្រឹមត្រូវ។
ការជំរុញណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង ១៤ មន្ទីរពាក់ព័ន្ធ និងតំណាងក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ ឃើញថាមានប្រជាពលរដ្ឋបានសម្រុកទៅចាក់នៅតាមមន្ទីរពេទ្យ ដែលរៀបចំដោយក្រសួងសុខាភិបាលយ៉ាងច្រើនកុះករ នាំឱ្យមិនមានគម្លាតសុវត្ថិភាព។ ដោយមើលឃើញពីស្ថានភាពបែបនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីផ្អាកជាបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃទី០៧-១០ ខែមីនា។
ទន្ទឹមនេះ លោកអភិបាលរាជធានីភ្នំពេញបានណែនាំទៅអភិបាលខណ្ឌទាំង ១៤ ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋ និងកំណត់ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងនេះឱ្យបានច្បាស់លាស់ ដើម្បីរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង នៅពេលដែលប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង នៅថ្ងៃ១០ ខែមីនា ឆ្នាំ២០២១ ខាងមុខតទៅ។
លោក ឃួង ស្រេង បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវចុះឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌ ដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃ និងពេលវេលាច្បាស់លាស់ ដើម្បីរក្សាគម្លាតសុវត្ថិភាព។
លោកបានបញ្ជាក់ទៀតថា រដ្ឋបាលសង្កាត់នីមួយៗដែលបញ្ចេញឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ត្រូវចុះផ្ទាល់ដល់ទីតាំងទទួលការចាក់វ៉ាក់សាំងនោះ ហើយត្រូវដើរតួជាអ្នករៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការរៀបចំគម្លាតសុវត្ថិភាពផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានបែងចែកមន្ទីរពេទ្យយ៉ាងច្បាស់លាស់សម្រាប់ការចាក់វ៉ាក់សាំងនេះ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមីនានេះតទៅ ក្នុងនោះមន្ទីរពេទ្យកាល់ម៉ែត គឺជាកន្លែងចាក់វ៉ាក់សាំងសម្រាប់ឥស្សរជនជាន់ខ្ពស់ ដែលមានតួនាទីចាប់ពីថ្នាក់រដ្ឋលេខាធិការឡើងទៅ ព្រមទាំងមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាពិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។
ចំណែកឯមន្ត្រីថ្នាក់ជាតិត្រូវទៅចាក់នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
នៅរាជធានីភ្នំពេញត្រូវទៅចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកព្រែកព្នៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។
នៅខេត្តកណ្តាលត្រូវទៅចាក់នៅមន្ទីរពេទ្យជ័យជម្នះ មន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល មន្ទីរពេទ្យបង្អែកស្អាង មន្ទីរពេទ្យបង្អែកពញាឮ មន្ទីរពេទ្យបង្អែកលើកដែក មន្ទីរពេទ្យបង្អែកកោះធំ មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី រកាកោង មន្ទីរពេទ្យបង្អែកអង្គស្នួល មន្ទីរពេទ្យបង្អែកកៀនស្វាយ មន្ទីរពេទ្យបង្អែកល្វាឯម និងមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង។
ដោយឡែក សម្រាប់ខេត្តព្រះសីហនុ គឺត្រូវទៅចាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែម្ដង៕