យប់នេះប៉ូលិសប៉ុស្តិ៍ បន្តប្រតិបត្តិការត្រួតពិនិត្យទីតាំង៥កន្លែង នៅរាជធានីភ្នំពេញ និងពង្រឹងត្រួតពិនិត្យ៨ខេត្តទៀតនៅទីតាំងផ្សេងៗគ្នា
27-02-2016 20:42
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥ គោលដៅនៅ ជាយរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ។
ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh Newsនៅព្រលប់នេះថាប៉ុស្តិ៍ត្រួតពិនិត្យ៥ ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ គឺនៅខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌ មានជ័យ ខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ។
ក្រៅពីនោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តផងដែរ ដូចជា ខេត្តតាកែវ នៅផ្លូវជាតិលេខ២ និងលេខ ៣ ខេត្តសៀមរាប នៅផ្លូវជាតិលេខ៦ ខេត្ត រតនគីរី នៅរង្វង់មូលខេត្ត ខេត្តកំពង់ធំ នៅតាមផ្លូវជាតិលរខ៦ ខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧ ខេត្តព្រៃវែង តាមផ្លូវជាតិ១ និងផ្លូវជាតិលេខ ១១ ខេត្តតាខ្មៅ នៅផ្លូវលេខ២០៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២គីឡូ ២៤-២៥ ផ្លូវជាតិលេខ៥គីឡូ និងចុងក្រោយគឺ ខេត្តកណ្តាល។
កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕