(កោះកុង)៖ ប្រជាពលរដ្ឋចំនួន ៧គ្រួសារ ស្ថិតនៅភូមិខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានអាជ្ញាធរស្រុកដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ព្រោះដោយសារពួកគាត់មានសមាជិកគ្រួសារធ្វើការនៅក្រុមហ៊ុនញូញៀន ខណៈក្រុមហ៊ុននេះមានជនជាតិចិន ២នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងថា ការចាត់វិធានការខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
លោកថា ដើមឡើយ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា មានប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដែលជាកម្មករបម្រើការងារក្នុងក្រុមហ៊ុនញូញៀន ដែលមានជនជាតិចិនចំនួន ២នាក់ កើតជំងឺឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្រោយទទួលបានព័ត៌មានេះរួចមក លោក ហាក់ ឡេង រួមទាំងអាជ្ញាធរមូលបានចេញបម្រាមហាមប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរទៅណាឡើយ ត្រូវឲ្យលោកគ្រូពេទ្យយកសំណាកទៅធ្វើតេស្ត និងដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃសិន ដើម្បីរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ របស់ក្រសួងសុខាភិបាល។
លោកអភិបាលស្រុកបូទុមសាគរបានឲ្យដឹងថា ពលរដ្ឋដែលធ្វើចត្តាឡីស័កនៅក្នុងលំនៅដ្ឋានខ្លួនឯងទាំងនោះ បានប្រាប់មកអាជ្ញាធរស្រុកថា ពួកគាត់ស្ម័គ្រចិត្តធ្វើចត្តាឡីស័ក ដើម្បីការពារនៃការរីករាលចូលក្នុងសហគមន៍ ហើយពួកគាត់ស្នើឲ្យអាជ្ញាធរជួយផ្តល់គ្រឿងឧបភោគបរិភោគដល់ពួកគាត់ផង ព្រោះក្រុមគ្រួសារគាត់មានជីវភាពខ្សត់ខ្សោយ ទើបទៅធ្វើជាកម្មករគេ។
ដោយការសំណូមពរពីប្រជាពលរដ្ឋទាំង៧គ្រួសារនេះរួចមក លោកអភិបាលស្រុក ហាក់ ឡេង បានផ្តល់អង្ករចំនួន ១បាវ ទម្ងន់ ៥០គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ថែមទាំងណែនាំឲ្យពួកគាត់ចេះថែរក្សាសុខភាព និងអនុវត្តន៍តាមការផ្សព្វផ្សាយអបរំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ៕