(ភ្នំពេញ)៖ ក្នុងសម័យបច្ចុប្បន្ននេះមនុស្សទូទាំងពិភពលោករស់នៅក្នុងសម័យទំនើប ដែលមានបច្ចេកវិទ្យាខ្ពស់ និងភាពជឿនលឿនសម្បូរបែបសព្វគ្រប់បែបយ៉ាង ។ មួយវិញទៀត ភាពជឿនលឿននៃបច្ចេកវិទ្យា ពិតជាបង្កភាពងាយស្រួលដល់មនុស្សទូទាំងពិភពលោកក្នុងការរស់នៅប្រចាំថ្ងៃ ។ នៅក្នុងសង្គមជាក់ស្តែងយើងសង្កេតឃើញថា ដើម្បីប្រាស្រ័យទាក់ទងគ្នាបានពីប្រទេសមួយទៅប្រទេសមួយ ឬពីទ្វីបមួយទៅទ្វីបមួយទៀតបាន គឺដោយការទាក់ទងគ្នាតាមប្រព័ន្ធអ៉ីនធឺណិត (Internet) យ៉ាងងាយស្រួលដោយគ្រាន់តែបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធទំនាក់ទំនងសង្គម (ហ្វេសបុក, តេឡេក្រាម, វីឆាត,ឡាញ...ជាដើម) ឬតាមរយៈប្រព័ន្ធទូរស័ព្ទ ។
ជាការពិតណាស់បច្ចេកវិទ្យាពិតជាបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទាំងនោះ។ ដោយឡែកមានមនុស្សមួយចំនួន បានយកភាពជឿនលឿននៃបច្ចេកវិទ្យាទាំងនោះប្រើប្រាស់ក្នុងផ្លូវមិនល្អ ប្រព្រឹត្តអំពើជាបទល្មើសផ្សេងៗតាមរយៈបច្ចេកវិទ្យាទាំងនោះ ដែលជាហេតុនាំឱ្យមានបញ្ហាដល់សង្គម ក៏ដូចជាអ្នកប្រើប្រាស់ផ្សេងទៀត ។ តើសកម្មភាពណាខ្លះដែលអាចចាត់ទុកជាបទល្មើសពាក់ព័ន្ធនឹងព័ត៌មានវិទ្យា ?
ក្នុងថ្ងៃនេះដែរ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានដឹងអំពីសកម្មភាពណាខ្លះដែលអាចចាត់ទុកជាបទល្មើសពាក់ព័ន្ធនឹងព័ត៌មានវិទ្យា ដូចខាងក្រោម៖
បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ។ យើងសង្កេតឃើញថាបច្ចុប្បន្នករណីដែលមានការលួចចូលក្នុងទិន្នន័យឯកជនភាពរបស់បុគ្គលដទៃទៀត កំពុងតែកើតមានឡើងជាបន្តបន្ទាប់ បន្ថែមពីនោះមិនត្រឹមតែការលួចចូលក្នុងទិន្នន័យឯកជនប៉ុណ្ណោះទេ ថែមទាំងលួចយកទៅប្រើប្រាស់ក្រោមរូបភាពជាបទល្មើសឆបោក ឬចាប់ជំរិតទាមទារប្រាក់ផ្សេងៗ ដែលបណ្តាលឱ្យមានភាពវឹកវរក្នុងសង្កម ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម្ចាស់សាមីគណនី ក៏ដូចជាម្ចាស់ទិន្នន័យជាដើម ។
ហេតុដូចនេះហើយក្នុងក្រមព្រហ្មទណ្ឌចាប់ពីមាត្រា ៤២៧ ដល់មាត្រា ៤៣២ បានចែងអំពីសកម្មភាព ឬអំពើដែលចាត់ទុកជាបទល្មើសក្នុងវិស័យព័ត៌មានវិទ្យាដូចជា៖
អំពើដែលចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រពឹ្រត្តិកម្មស្វ័យប្រវត្តិនៃទិន្នន័យ ដោយទុច្ចរិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ១(មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ២,០០០,០០០ (ពីរលាន) រៀល ។
តែកាលបើអំពើនោះជាហេតុបណ្តាលឱ្យមានការលុបបំបាត់ ឬកែប្រែទិន្នន័យដែលមាននៅក្នុងប្រព័ន្ធ ឬឱ្យមានការខូចខាតនូវដំណើរការនៃប្រព័ន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ២(ពីរ) ឆ្នាំ ។
ចំពោះអំពើបង្កើតជាឧបសគ្គ ធ្វើឱ្យខូចដំណើរការនៃប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិនៃទិន្នន័យ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន) រៀលទៅ ៤,០០០,០០០(បួនលាន) រៀល ។
អំពើបញ្ចូល លុបបំបាត់ ឬកែប្រែដោយទុច្ចរិតនូវទិន្នន័យទៅក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំទៅ ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន) រៀលទៅ ៤,០០០,០០០(បួនលាន) រៀល ។
ចំពោះអំពើដែលចូលរួមទៅក្នុងក្រុមប្រមូលផ្តុំ ឬក្នុងសន្ទិដ្ឋិភាព ដែលបង្កើតឡើងដើម្បីរៀបចំប្រព្រឹត្តបទល្មើសដែលមានចែង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន) រៀល ទៅ ៤,០០០,០០០ (បួនលាន) រៀល រីឯ
ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែង ក៏ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើនេះផងដែរ ។
ស្របពេលនេះដែរមន្ត្រីជំនាញខាងច្បាប់នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអង្គភាពពាក់ព័ន្ធបាននឹងកំពុងសិក្សាទៅលើសេចក្តីព្រៀងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន (Cyber Crime) ដែលមាន ៧ជំពូក និង ៤៨មាត្រា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម Online មួយចំនួនដូចជា ការចាប់ជំរិត និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពីមានបញ្ហាជាច្រើនកើតឡើងនៅក្នុងប្រទេសកម្ពុជា ។
សរុបសេចក្តីមក គ្រប់អំពើ ឬសកម្មភាពណាមួយដែលលួចចូលទៅក្នុងទិន្នន័យឯកជនរបស់បុគ្គលដទៃទៀត ដោយមិនមានការអនុញ្ញាត គឺជាបទល្មើសដែលប្រឈមនឹងច្បាប់ជាធរមាន ។ បច្ចេកវិទ្យាក៏ជាមុខព្រួញពីរសំខាន់ វាអាចនាំយើងឱ្យមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ការបំពេញការងារ និងក្នុងការទំនាក់ទំនង ហើយក៏អាចបង្កជាហានិភ័យដល់យើងក្នុងសង្គមបានផងដែរ ប្រសិនបើយើងយកភាពជឿនលឿននៃបច្ចេកវិទ្យានោះទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ៕