(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ដោយរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការប្រើប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះ ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ធ្វើឡើងដោយផ្អែកតាមស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ (CovID-19) នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននាពេលបច្ចុប្បន្ន និង ដើម្បីរៀបចំទីតាំងឱ្យបានសមស្រប ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលទ្រង់ទ្រាយធំ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា «ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់ លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន ជួយ សង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះ នៅ ក្នុងសហគមន៍»

បើតាមក្រសួងសុខាភិបាល, ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របទៅតាមស្ថានភាពចាំបាច់ រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) បាននិងកំពុងចាត់វិធាន ការឆ្លើយតបចាំបាច់នានា រួមទាំងការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក។ ចំពោះអគារ និងបរិវេណនៃសណ្ឋាគារខាងលើ ក៏នឹងត្រូវរៀបចំឱ្យអនុវត្តនូវវិធានការគ្រប់គ្រងយ៉ាងហ្មត់ចត់ ទាំងផ្នែក សុខាភិបាល និងសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងតឹងរឹងបំផុត សំដៅធានាទប់ស្កាត់នូវការឆ្លង និងហានិភ័យចម្លងនៃជំង នេះមកខាងក្រៅបរិវេណអគារនៃសណ្ឋាគារ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ជម្រាបជូនដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋ និង បងប្អូនពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះថា វីរុសកុំវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស ហើយរហូត មកដល់ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាសនៅក្នុងទីលំហឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច និងសូមបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការ ឆ្លើយតបរបស់រាជរដ្ឋាភិបាល។

តាមរយៈសេចក្តីប្រកាសនេះ ក្រសួងសុខាភិបាល ក៏បានប្រាប់ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាប និងចូលរួមអនុវត្តវិធានការការពារ ខ្លួនតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣កុំ និង ៣ការពារ» ដើម្បីការពារខ្លួនឯងពីការឆ្លងជំងឺ និងចៀសវាងហានិភ័យចម្លងជំងឺនេះដល់អ្នកដទៃផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖