(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាពី អភិបាលកិច្ច និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រារព្ធធ្វើឡើង នៅសាលសន្និសីទ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកពិគ្រោះយោបល់លើ កម្មវិធីអាស៊ីអាគ្នេយ៍នៅ Nippon Foundation និងជាសហស្ថាបនិក និងជាប្រធានវិទ្យាស្ថានខ្មែរ សម្រាប់ការសិក្សាយុទ្ធសាស្ដ្រ និងជាសាស្រ្ដចារ្យ នៃសាកលវិទ្យាល័យ លីដ រួមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្រ្ដាចារ្យ និងនិស្សិតជាច្រើនទៀត នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។
សិក្ខាសាលាស្ដីពីអភិបាលកិច្ច និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកចំណេះដឹងជាច្រើន សម្រាប់ផ្ដល់នូវការអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិផងដែរ។
បតាមការអញ្ជើញរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងអង្គសិក្ខាសាលាមួយស្ដីពី «អភិបាលកិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគេ្នយ៍»។
ថ្លែងទៅកាន់និស្សិតប្រមាណជាង៥០០នាក់ ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឲ្យដឹងថា ដើម្បីពង្រីកពុទ្ធិ និងបទពិសោធន៍នានា បន្ថែមលើចំណេះដឹងដែលខ្លួន បានសិក្សាជាទ្រឹស្ដីនៅក្នុងថ្នាក់។
លោកបន្តថា អនុវត្តតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងបានអញ្ជើញសាស្រ្តាចារ្យ និងអ្នកជំនាញល្បីៗមកធ្វើសិក្ខាសាលា បាឋកថា និងបំប៉នជំនាញខ្លីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃទីផ្សារការងារ និងចរន្តសមាហរណកម្មអាស៊ាន ដើម្បីឆ្លើយតបទៅតាមតម្រូវជាក់ស្តែង របស់សង្គមជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់និងភពលោក។
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានពង្រឹងលើយន្តការដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះការពង្រឹងសមត្ថភាពសាស្ត្រាចារ្យ និងគុណភាពសិក្សា របស់និស្សិតក្នុងបុព្វហេតុអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាល ធនធានមនុស្សឱ្យបានកាន់តែ មានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការរីកចម្រើន របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានអគារសិក្សាផ្ទាល់ខ្លួន កម្ពស់១៥ជាន់ដ៏ល្អប្រណិត។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានខ្មែរ សម្រាប់ការសិក្សាយុទ្ធសាស្រ្ត, ជាទីប្រឹក្សាកម្មវិធីអាស៊ីអាគ្នេយ៍នៅ Nippon Foundation (TNF) និងជាសាស្រ្តាចារ្យ សាកលវិទ្យាល័យលីដ ចក្រភពអង់គ្លេស មានប្រសាសន៍លើកឡើង អំពីអភិបាលកិច្ច និងការអភិវឌ្ឍរបស់អភិវឌ្ឍន៍ប្រទេសនានា នៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន និងប្រទេសក្នុងតំបន់អាស៊ាន។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា អភិបាលកិច្ច គឺជាពាក្យមួយដែលបង្កើតឡើង ដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជំរុញឱ្យអ្នកដឹកនាំប្រទេសនីមួយៗ មានការអភិវឌ្ឍ។ អ្វីទៅជាការអភិវឌ្ឍ? ការអភិវឌ្ឍ គឺមិនមែនមើលតែទៅលើការកើនឡើង នៃសេដ្ឋកិច្ចប៉ុណ្ណោះទេ។ ការអភិវឌ្ឍគឺសំដៅទៅលើការ កាត់បន្ថយភាពក្រីក្រ ការចូលរួមរបស់ប្រជាជនលើការវិនិយោគ ក្នុងផលប្រយោជន៍អភិវឌ្ឍន៍។ ដូច្នេះ អភិបាលកិច្ច គឺជាស្នូលនៃគោលនយោបាយមួយ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយការអភិវឌ្ឍប្រកបដោយចីរភាពនេះ គឺជាគោលដៅរបស់អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំនេះតទៅ បន្ទាប់ពីអង្គការសហប្រជាជាតិ បានបញ្ចប់ការអនុវត្តទិសដៅ អភិវឌ្ឍន៍សហសវត្សរ៍ ពោលគឺជាការអភិវឌ្ឍមួយដែល មានការចូលរួម និងការការពារបរិស្ថាន។
ត្រង់ចំណុចនេះ លោកបានលើកឡើងថា អភិបាលកិច្ច គឺទាមទារចាំបាច់ឱ្យមានការចូលរួម មានតម្លាភាព មានការទទួលខុសត្រូវ មានភាពប្រាកដប្រជា (ប្រព័ន្ធច្បាប់) និងការឆ្លើយតបចំពោះប្រជាពលរដ្ឋ។
ទាក់ទងទៅនឹងការអភិវឌ្ឍ លោកបណ្ឌិតមានប្រសាសន៍ថា មិនអាចធ្វើភ្លាមបាននោះទេ គឺត្រូវការរយៈពេលវែង ហើយការអភិវឌ្ឍរបស់ប្រទេស មិនអាចយកគំរូអភិវឌ្ឍន៍ប្រទេសមួយ យកដាក់អនុវត្តនៅក្នុងប្រទេសមួយទៀតបាននោះ ពោលគឺត្រូវមានគំរូមួយសម្រាប់ប្រទេសនោះតែម្ដង។ ហើយលទ្ធិប្រជាធិបតេយ្យក៏មិនអាចធ្វើបានភ្លាមៗបានដែរ គឺវាត្រូវការចូលរួមរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋត្រូវមានចំណេះដឹង ច្រើនគ្រប់ៗគ្នាទៅវានឹងជំរុញឱ្យមានការអភិវឌ្ឍ ហើយការអភិវឌ្ឍនឹងនាំឱ្យមានលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានលើកឡើងអំពីភាពជាអ្នកដឹងនាំនយោបាយផងដែរ៕